ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការវាយប្រហាររបស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែនរយៈពេលមួយសប្តាហ៍ គឺជាជំហានដ៏សំខាន់មួយ។
ដោយធ្វើអត្ថាធិប្បាយអំពីស្ថានភាពជុំវិញអ៊ុយក្រែន លោកបានលើកឡើងថា៖«អ្នកដឹងហើយថា រយៈពេលមួយសប្តាហ៍ គឺពិតជាយូរណាស់»។ «យើងនឹងទទួលយកអ្វីគ្រប់យ៉ាង ព្រោះអាកាសធាតុត្រជាក់ខ្លាំងណាស់ នៅទីនោះ»។
ដោយនិយាយសំដៅទៅលើការផ្អាកវាយប្រហារនោះ លោក ត្រាំ បានបន្ថែមថា៖«បទឈប់បាញ់នោះ គឺចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអាទិត្យ»។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីសប្តាហ៍មុនថា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំសមភាគីរុស្ស៊ីរបស់ខ្លួនគឺ លោក វ្ល៉ាឌីមៀ ពូទីន ឲ្យជៀងវាងការវាយប្រហារទីក្រុងគីវ រហូតដល់ថ្ងៃទី ០១ ខែកុម្ភៈ «ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចា»។ នៅពេលសួរថាតើវិមានក្រឹមឡាំង បានយល់ព្រមឬអត់ លោក Peskov បានឆ្លើយតបថា៖«មានការអំពាវនាវដោយផ្ទាល់ពីលោកប្រធានាធិបតី ត្រាំ»។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានឆ្លើយសំណួរអំពីរបៀបដែលភាគីរុស្ស៊ី បានឆ្លើយតបនោះទេ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយ ធំមួយនៅពេលយប់ទៅលើទីតាំងយោធា-ឧស្សាហកម្ម និងថាមពលអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់ទីក្រុងគីវលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីរុស្ស៊ី៕
