អង្គភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ(UNGRD)និយាយថា មនុស្ស ៣នាក់ បានស្លាប់ ក្រោយបំណាក់ដីកប់ពន្លិចផ្ទះជាច្រើនខ្នងនៅទីក្រុង Santa Marta ប្រទេសកូឡុំប៊ី ក្រោយភ្លៀងធ្លាក់ខ្លាំង ។
បំណាក់ភក់ ថ្ម និងដើមឈើ បានបាក់សង្កត់លើផ្ទះ ៨ខ្នង និងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងហោច ៥០ខ្នងផ្សេងទៀត ស្របពេលដែលអ្នកស្រុកនិយាយថា ពួកគេបានឮសម្រិបបំណាក់ដីដ៏ធំមួយនៅជើងភ្នំ កាលពីព្រឹកថ្ងៃចន្ទ ស្ថិតក្នុងស្រុក Magdalena ។

ដោយឡែកនៅស្រុក Cordoba អ្នកស្រុករាប់ពាន់នាក់ បានជម្លៀសខ្លួនតាមទូកចេញពីដងផ្លូវរងការជន់លិច ពេលដែលទឹកទន្លេ San Jorge ហូរប្រៀបច្រាំង ក្នុងនោះ ក្រុមអាជ្ញាធរ បានព្រមានពីការជន់លិចភ្លាមៗ នៅតាមតំបន់ជាច្រើន ។
អង្គភាព UNGRD រាយការណ៍ថា មនុស្សជិត ១ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ទូទាំងប្រទេសដោយសារភ្លៀងធ្លាក់ខ្លាំង ។
យោងតាមការអះអាងរបស់វិទ្យាស្ថានជលសាស្ត្រ ឧតុនិយម និងសិក្សាបរិស្ថាន(IDEAM) បានឲ្យដឹងថា កូឡុំប៊ីប្រឈមនឹងរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងខុសពីប្រក្រតីដែលធ្វើឲ្យភ្លៀងធ្លាក់កើនឡើងចំនួន ៦៤,៤ភាគរយ បើធៀបនឹងកម្រិតទឹកភ្លៀងធម្មតា ក្នុងនោះផលប៉ះពាល់ បានកើតមានផងដែរនៅតំបន់ការ៉ាអ៊ីប តំបន់ប៉ាស៊ីហ្វិក និងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ៕
