សហភាពអឺរ៉ុប (EU) នឹងដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ជុំវិញភាពជាដៃគូរ៉ែដ៏សំខាន់ៗ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន ដោយសម្លឹងដល់ការប្រើការជំរុញរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសកល នាសប្តាហ៍នេះ។
យោងតាមប្រភពដែលដឹងពីបញ្ហានេះ EU បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតផែនទីបង្ហាញផ្លូវភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងរង្វង់រយៈពេល ៣ខែ។

ភាពជាដៃគូនេះមានគោលបំណងរួមគ្នាស្វែងរកមធ្យោបាយ ដើម្បីរុករកប្រភពរ៉ែសំខាន់ៗ ដែលត្រូវការជាចាំបាច់ សម្រាប់បច្ចេកវិទ្យាទំនើបភាគច្រើន ដោយមិនពឹងផ្អែកលើចិន។ ទាំងសហរដ្ឋអាមេរិក និង EU បានក្លាយជាអ្នកជាប់ពាក់ព័ន្ធជាមួយរ៉ែដ៏សម្បូរបែប និងមានតម្លៃទាបរបស់ចិន ដែលផ្តល់ឲ្យទីក្រុងប៉េកាំងនូវឥទ្ធិពលលើខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
សំណើនេះផ្តល់នូវវិធីជាច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកនេះ។ នេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាគឺជាបញ្ហាសម្ងាត់។
អនុស្សរណៈនេះ លើកឡើងថា EU និងសហរដ្ឋអាមេរិក ស្វែងយល់ពីគម្រោងរ៉ែសំខាន់ៗរួមគ្នា និងយន្តការគាំទ្រតម្លៃ ហើយក៏ណែនាំផងដែរនូវវិធី ដើម្បីការពារទីផ្សារទាំង២ កុំឲ្យមានការផ្គត់ផ្គង់រ៉ែពីខាងក្រៅ លើសកម្រិត និងទម្រង់ផ្សេងទៀតនៃការរៀបចំទីផ្សារ។ ទន្ទឹមនឹងនេះ សំណើនេះ បញ្ជាក់ថា ភាគីទាំង២ គួរតែបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាពជាមួយគ្នា៕
