ធនាគារកណ្តាលរបស់ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអង្គារថា ប្រាក់បញ្ញើទៅកាន់ប្រទេសម៉ិកស៊ិកពីបរទេស បានធ្លាក់ចុះ ៤,៦ ភាគរយក្នុងឆ្នាំ២០២៥ ដែលជំរុញដោយទីផ្សារការងារចុះខ្សោយរបស់សហរដ្ឋអាមេរិក និងវិធានការអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង។
យោងតាមធនាគារម៉ិកស៊ិក (Banxico) បានឲ្យដឹងថា ចំនួនប្រាក់បញ្ញើសរុបបានធ្លាក់ចុះមកត្រឹម ៦១,៧៩១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ ពីកំណត់ត្រា ៦៤,៧៤៦ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ ចំនួនទឹកប្រាក់នៅឆ្នាំ២០២៥ គឺជាលំហូររូបិយប័ណ្ណបរទេសទាបបំផុត ចាប់តាំងពីឆ្នាំ ២០២២មក។

លោកស្រី Gabriela Siller នាយកផ្នែកវិភាគសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ធនាគារ BASE របស់ប្រទេសម៉ិកស៊ិក បានសន្មតថា ការធ្លាក់ចុះនេះដោយសារតែទីផ្សារការងាររបស់សហរដ្ឋអាមេរិកចុះខ្សោយ និងការព្រួយបារម្ភពីការនិរទេសក្នុងចំណោមពលករអន្តោប្រវេសន៍។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់បញ្ញើទៅកាន់ប្រទេសម៉ិកស៊ិក បានក្លាយជាប្រភពដ៏សំខាន់នៃការប្តូរប្រាក់បរទេស ដែលលើសពីការវិនិយោគផ្ទាល់ពីបរទេស ប្រាក់ចំណូលពីការនាំចេញប្រេងឆៅ និងទេសចរណ៍អន្តរជាតិ។ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ប៉ាន់ប្រមាណថា មានប្រជាជនម៉ិកស៊ិកប្រហែល ៤០លាននាក់រស់នៅក្នុងសហរដ្ឋអាមេរិក។
