ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ប្រទេសរុស្ស៊ី និងសហភាពមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល ៥ឆ្នាំ ដោយបានបង្កើតនូវសម្ព័ន្ធភាពមួយ ដែលអ្នកវិភាគលើកឡើងថា មានសារៈសំខាន់ ចំពោះការក្តាប់អំណាចរបស់របបយោធា។
យោធាមីយ៉ាន់ម៉ា បានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ជាព្រឹត្តិការណ៍ដែលបង្កឲ្យមានសង្គ្រាមស៊ីវិលរហូតដល់សព្វថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីកិច្ចព្រមព្រៀងយោធាថ្មីនេះ បន្ទាប់ពីលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានទៅទស្សនកិច្ច នៅមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ។ កិច្ចព្រមព្រៀងនេះនឹងមានរយៈពេលរហូតដល់ឆ្នាំ២០៣០។

យោងតាមសារព័ត៌មាន TASS លោក Shoigu បានប្រាប់មន្ត្រីយោធាថា៖ «រុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងពង្រឹងអធិបតេយ្យភាព និងសន្តិសុខជាតិ»។ លោក Shoigu បានបន្ថែមថា៖ «អ្នកអាចពឹងផ្អែកយ៉ាងពេញទំហឹងលើជំនួយដ៏ទូលំទូលាយរបស់ទីក្រុងមូស្គូ ក្នុងនោះរួមទាំងនៅក្នុងឆាកអន្តរជាតិផងដែរ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានបញ្ជាក់ពីកិច្ចព្រមព្រៀង ដើម្បី «បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ» ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច អំពីកិច្ចព្រមព្រៀងនេះ។ របបយោធាមីយ៉ាន់ម៉ា ទើបតែបានបញ្ចប់ការបោះឆ្នោតរយៈពេល ១ខែ ដោយពោលសរសើរដំណើរការនេះថា ជាការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងជាឱកាស ដើម្បីទទួលបានសន្តិភាព បន្ទាប់ពីមានការគ្រប់គ្រងរបស់យោធា និងសង្គ្រាមស៊ីវិលរយៈពេល ៥ឆ្នាំ៕
