ភ្នំពេញ៖ ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២ បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២បណ្តឹងននេះ គឺមានបណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបានពាក់ព័ន្ធនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជី បេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២បណ្តឹង។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២ នោះ មាន ១៤៦ បណ្ដឹង ត្រូវបានប្ដឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គឺករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជន។
