នាថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ជប៉ុនបានព្រមានអំពីលទ្ធភាពនៃការមានបំណាក់ទឹកកក នៅតំបន់ភាគខាងជើងរបស់ប្រទេស ខណៈដែលសីតុណ្ហភាពបានឡើងខ្ពស់ភ្លាមៗ បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងរយៈពេល ២សប្តាហ៍ ដែលធ្វើឲ្យចរាចរណ៍កកស្ទះ និងផ្ទះសម្បែងបាក់រលំ។
ព្រិលធ្លាក់ជាប់រហូត ចាប់តាំងពីចុងខែមករាមក បានកប់សហគមន៍ភាគខាងជើង ដូចជាតំបន់ Aomori ជាដើម នៅក្រោមគំនរព្រិលកម្ពស់ប្រហែល ២ម៉ែត្រ ដែលធ្វើឲ្យប្រជាជនពិបាកចាកចេញពីលំនៅឋាន ហើយបង្ខំឲ្យសាលារៀន និងអាជីវកម្មត្រូវបិទទ្វារ។

ប៉ុន្តែក្រុមមន្ត្រីបានប្រាប់ថា សីតុណ្ហភាពបានឡើងខ្ពស់នៅថ្ងៃពុធនេះ ដោយឡើងដល់ ៨អង្សាសេ នៅតំបន់ Aomori ដែលបង្កជាហានិភ័យធ្លាក់ដុំព្រិលទឹកកកធ្ងន់ៗ និងសើមពីលើដំបូល ដែលអាចបណ្តាលឲ្យមានរបួស និងសូម្បីតែអាចស្លាប់។
នាយរងលេខាធិការគណៈរដ្ឋមន្ត្រី លោក Masanao Ozaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងសូមស្នើឲ្យប្រជាជនដែលរងផលប៉ះពាល់មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យមែនទែន ចំពោះការធ្លាក់ព្រិល និងបំណាក់ព្រិលទឹកកក»។
គិតត្រឹមថ្ងៃពុធនេះ ស្ថានភាពព្រិលធ្លាក់ខ្លាំង បានបណ្ដាលឲ្យមនុស្ស ៣៥នាក់យ៉ាងតិចបាត់បង់ជីវិត និងយ៉ាងហោចណាស់ ៣៩៣នាក់រងរបួសនៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២០ ខែមករា។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ។
ករណីជាច្រើនមានពាក់ព័ន្ធនឹងដុំព្រិលទឹកកកធ្លាក់ពីដំបូលផ្ទះចំអ្នកស្រុក ឬអ្នកដែលធ្លាក់ពីលើដំបូលផ្ទះរបស់ពួកគេ ពេលកំពុងព្យាយាមសម្អាតព្រិល៕

