អាកាសធាតុរដូវរងាដ៏អាក្រក់ បានធ្វើឲ្យចរាចរណ៍ផ្លូវអាកាសរងការអាក់ខាននៅអាកាសយានដ្ឋានក្រុង Frankfurt របស់ប្រទេសអាល្លឺម៉ង់ កាលពីរសៀលថ្ងៃអង្គារ ។ នេះបើយោងតាមការអះអាងរបស់ប្រតិបត្តិករអាកាសយានដ្ឋាន ។

ជើងហោះហើរចាកចេញមួយចំនួន ត្រូវបានលុបចោល ខណៈយន្តហោះនឹងមកដល់មួយចំនួន ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ។
អាកាសយានដ្ឋានក្រុង Frankfurt និយាយថា ការធ្វើចរាចរណ៍ផ្លូវអាកាសបានវិលត្រឡប់មករកសភាពធម្មតាវិញជិតពាក់កណ្តាល ក្រោយបោសសម្អាតព្រិលចេញពីលើផ្លូវរត់របស់យន្តហោះ ។ ពួកគេបានណែនាំឲ្យអ្នកដំណើរមកដល់មុនពេលកំណត់ សម្រាប់ជើងហោះហើររបស់ពួកគេ ។
ខណៈពេលនោះដែរ សេវាកម្មឧតុនិយមអាល្លឺម៉ង់ បានចេញការព្រមាននៅតំបន់ភាគនិរតី និងតំបន់ភាគពាយ័ព្យថា នឹងមានព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងនៅទូទាំងតំបន់តែម្តង ។
ដោយឡែក ក្រុមអាជ្ញាធរ និងសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍រាប់សិបលើក ដោយសារស្ថានភាពអាកាសធាតុអាក្រក់នេះ ។
សូមបញ្ជាក់ថា អាល្លឺម៉ង់ ប្រឈមនឹងស្ថានភាពរដូវរងាធ្លាក់ព្រិលខ្លាំង និងសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សាសេ ចាប់តាំងពីដំណាច់ខែធ្នូ ឆ្នាំ ២០២៥ រហូតមក ៕
