ប្រជាពលរដ្ឋគុយបា បានជំរុញឲ្យមានការសន្ទនាគ្នារវាងរដ្ឋាភិបាលរបស់ពួកគេ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយកង្វះខាតថាមពលដែលកោះមួយនេះ កំពុងជួបប្រទះ ។
លោក Luis Alberto Gonzalez គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ និយាយថា គួរតែមានការសន្ទនារវាងគុយបា និងសហរដ្ឋអាមេរិក ។
លោកបន្តថា លោកចង់មានន័យថា បើទោះបីជាបញ្ហាទាំងអស់នៅមាន ហើយអ្វីៗនឹងត្រូវកើតឡើងក៏ដោយ លោកគិតថា ពួកយើងគួរតែនិយាយគ្នា រកផ្លូវដោះស្រាយបញ្ហា ក្នុងនាមជាសហភាព កិច្ចសន្ទនាដែលជាកិច្ចព្រមព្រៀងទៅវិញទៅមក ដែលអាចឈានដល់រវាងប្រទេសទាំង ២ ។

ភាពប្រេះឆារបានកើនឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ស្របពេលដែលសហរដ្ឋអាមេរិករារាំងប្រេងទាំងអស់ពីការចូលដល់ប្រទេសគុយបា រួមទាំងប្រេងមកពីប្រទេសសម្ព័ន្ធមិត្តវេណេស៊ុយអេឡាផងដែរ ធ្វើឲ្យតម្លៃចំណីអាហារ និងការដឹកជញ្ជូនហក់ឡើងខ្ពស់ ហើយនិងជំរុញឲ្យមានកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ការដាច់ចរន្តអគ្គិសនីច្រើនម៉ោង សូម្បីតែនៅក្នុងទីក្រុងឡាហាវ៉ាន់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ម៉ិកស៊ិកត្រូវតែបញ្ឈប់ករបញ្ជូនប្រេងដល់គុយបា ស្របពេលដែលរូបលោកបង្កើនយុទ្ធនាការដាក់សម្ពាធលើប្រទេសក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីមានគម្រោងបញ្ជូនការដឹកជញ្ជូនជំនួយមនុស្សធម៌ដល់គុយបាក្នុងសប្តាហ៍នេះ ដោយលោកស្រីធ្វើការសង្កត់ធ្ងន់ថា កញ្ចប់ជំនួយនឹងផ្អែកលើតម្រូវការរដ្ឋរបស់ទីក្រុងឡាហាវ៉ាន់ ហើយនិងមិនបញ្ចេញជាសាធារណៈនោះទេ ។
ដោយឡែក អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Carlos Fernandez de Cossio និយាយនៅក្នុងបទសមភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គុយបា និងសហរដ្ឋអាមេរិក កំពុងទំនាក់ទំនងគ្នា បើទោះបីជារូបលោកនិយាយថា ការផ្លាស់ប្តូរទំនាក់ទំនងនៅពុំបានវិវត្តទៅរកកិច្ចសន្ទនាផ្លូវការក៏ដោយ ៕

