ជនប៉ាឡេស្ទីនបានជួបជុំគ្នានៅក្នុងទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ដើម្បីស្វាគមន៍សាច់ញាតិវិលត្រឡប់មកវិញរបស់ពួកគេ ដែលបានធ្វើដំណើរមកដល់នៅព្រឹកថ្ងៃពុធនេះ នៅមន្ទីរពេទ្យ Nasser ក្រោយអ៊ីស្រាអែលបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ គឺជាជំហានដ៏សំខាន់មួយក្នុងបទឈប់បាញ់ដែលមានគោលដៅបញ្ចប់សង្រ្គាម បើទោះបីជាមានការរឹតត្បិតការចេញ-ចូលក៏ដោយ ។
ក្រោយជួបជុំគ្រួសារវិញ អ្នកនាង Farida Barbakh ដែលជាអ្នកវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញនោះនិយាយថា នាងមិនអាចជឿបានទាល់តែសោះ នាងពិតជាមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ ។
ចំណែកឯលោក Youssef Tahla គឺជាជនប៉ាឡេស្ទីនមួយរូបទៀតនិយាយដែរថា ថ្ងៃនេះ លោកបានវិលត្រឡប់មកជួបជុំជាមួយកូនៗរបស់លោកវិញ ក្រោយរយៈពេល ២ឆ្នាំ អរគុណព្រះ ។

លោកបន្តថា កូនៗរបស់លោកបានចាកចេញពីតំបន់ហ្កាហ្សាអស់រយៈពេលជិត ២ឆ្នាំមកហើយ ដោយសារសង្រ្គាម ហើយថ្ងៃនេះ អរគុណព្រះ ចុងក្រោយលោកអាចជួបពួកគេម្តងទៀតបាន ។
ច្រកឆ្លងកាត់ព្រំដែន Rafah ដែលជាច្រកចេញ-ចូលតែមួយគត់សម្រាប់ពលរដ្ឋជាង ២លាននាក់នៅក្នុងតំបន់ហ្កាហ្សា បានបិទភាគច្រើននៅក្នុងសង្រ្គាមមួយនេះ ។ ច្រកមួយនេះត្រូវបើកឡើងវិញនៅក្នុងដំណាក់កាលទី ១នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានព្រមព្រៀងគ្នា កាលពីខែតុលា ឆ្នាំមុន ។
ពលរដ្ឋហ្កាហ្សាប្រហែល ២ម៉ឺននាក់ សង្ឃឹមថានឹងចាកចេញដើម្បីទៅព្យាបាលនៅក្រៅប្រទេស ។ បើទោះបីការបើកច្រកឆ្លងកាត់ព្រំដែន មានការយឺតយ៉ាវយ៉ាងណាក្តី ភាគច្រើននៃពួកគេនិយាយថា ជំហាននេះ បាននាំមកនូវភាពធូស្បើយច្រើនសម្រាប់ពួកគេ ។
យោងតាមប្រភពពីអេហ្ស៊ីប បានឲ្យដឹងថា ជនប៉ាឡេស្ទីន ៥០នាក់ ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ច្រកព្រំដែន ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សា ដោយចេញពីអេហ្ស៊ីប ៕
