បាល់ទាត់៖ ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឬលីគកំពូលកម្ពុជាសប្ដាហ៍ទី៣ ដែលគ្រោងប្រកួតនាថ្ងៃទី២០-២១ ខែមីនាចុងសប្ដាហ៍នេះ ត្រូវបានរំកិលទៅប្រកួតនាថ្ងៃទី២៣-២៤ ខែមីនាដើមសប្ដាហ៍ក្រោយវិញហើយ លើកលែងតែជំនួបធំប្រចាំសប្ដាហ៍រវាងក្រុមវិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវបានលើកពេលទៅប្រកួតនាខែឧសភា ឆ្នាំ២០២១ ខាងមុខ។
យោងតាមការជូនដំណឹង របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ជុំវិញការផ្លាស់ប្ដូរកាលវិភាគប្រកួតលីគសប្ដាហ៍ទី៣ ទៅដើមសប្ដាហ៍ក្រោយគឺដោយសារក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រូវសម្រាកបន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ តាមរយៈក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ និងស្នើសុំដោយគណៈកម្មាធិការជាតិ CAMSOC។ ដោយឡែកការប្រកួតដ៏ជក់ចិត្តរវាងវិសាខា ជាមួយព្រះខ័នរាជស្វាយរៀង ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ត្រូវបាកពេលទៅប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ តាមការស្នើរសុំរបស់ក្លិបបាល់ទាត់វិសាខា ដ្បិតពួកគេត្រូវយកសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ លើកទី២ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ អាស្រ័យហេតុនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានឯកភាពតាមសំណើររបស់ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ហើយបានសម្រេចកែសម្រួលកាលបរិច្ឆេទប្រកួតថ្មីតែម្ដង។
នេះគឺជាប្រកួតទី២ ហើយដែលក្លិបបាល់ទាត់វិសាខា បានស្នើលើកការប្រកួតបន្ទាប់ពីប្រកួតបើករដូវកាលថ្មី ស្មើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ០-០ ពោលគឺប្រកួតសប្ដាហ៍ទី២ ដែលវិសាខាគ្រោងជួបក្រុមអគ្គិសនីកម្ពុជា ក៏ត្រូវបានលើកទៅប្រកួតនាថ្ងៃទី២០ ខែមេសាផងដែរ។ ការលើកពេលនេះដោយសារកីឡដ្ឋានព្រីនស៍របស់វិសាខា ធ្លាប់មានអ្នកវិជ្ជមានកូវីដ-១៩ ទៅទីនោះ ហើយឈានដល់ការធ្វើតេស្ដសំណាកបុគ្គលិក និងកីឡាករទាំងអស់ តែលទ្ធផលតេស្ដលើកទី១ កាលពីថ្ងៃទី០៩-មីនា គឺអវិជ្ជមានទាំងអស់ ១៦៦នាក់។ ដូច្នេះមានន័យថា ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី៣ នាដើមសប្ដាហ៍ក្រោយគឺនៅសល់ ៥ប្រកួត៕
អត្ថបទ៖ លី ឈុនឡា