ក្រុមអាជ្ញាធរនិយាយថា ក្រុមប្រដាប់អាវុធ បានសម្លាប់មនុស្សយ៉ាងហោច ៣៥នាក់ និងដុតកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ និងហាងលក់ទំនិញ នៅភូមិ Woro ដែលជាភូមិដាច់ស្រយាលមួយកន្លែង ស្ថិតនៅក្នុងរដ្ឋភាគកណ្តាលឆៀងខាងជើង Kwara ប្រទេសនីហ្សេរីយ៉ា ។
លោក Sa’idu Baba Ahmed គឺជាតំណាងរាស្រ្តក្នុងស្រុកមួយរូបនៅតំបន់ Kaiama និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនាថ្ងៃពុធនេះថា នៅព្រឹកនេះ លោកត្រូវបានគេនិយាយប្រាប់ថា មានសាកសពមនុស្សពី ៣៥នាក់ ទៅ ៤០នាក់ ។

លោក Ahmed បន្តថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរត់ទៅព្រៃទាំងត្រូវគ្រាប់កាំភ្លើង ហើយសាកសពមនុស្សជាច្រើនទៀត អាចនឹងត្រូវរកឃើញ ។
វាគឺជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំនេះ នៅស្រុកជាប់ព្រំដែនរដ្ឋនីហ៊្សេ ដែលក្រុមឧក្រិដ្ឋជន បានបង្កើនការវាយប្រហាររបស់ពួកគេ ។
លោក Ahmed និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា ក្រុមអ្នកភូមិបានរត់ទៅក្នុងព្រៃ ពេលដែលក្រុមប្រដាប់អាវុធវាយប្រហារភូមិ Woro ហើយមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ការវាយប្រហារនេះ ត្រូវបានបញ្ជាក់ដោយនគរបាលដែលពុំបានផ្តល់តួលេខគ្រោះថ្នាក់នោះទេ ។ រដ្ឋាភិបាលនីហ្សេរីយ៉ា បានដាក់ការស្តីបន្ទោសការវាយប្រហារនេះ លើក្រុមភេរវកម្ម ។
ចោរកម្ម និងការវាប្រហារប្រដាប់អាវុធលើសហគមន៍ជនបទ បានកើនឡើងនៅទូទាំងតំបន់ភាគពាយ័ព្យ និងតំបន់ភាគកណ្តាលឆៀងខាងជើងនីហ្សេរីយ៉ា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្របពេលដែលក្រុមអន្ធពាល វាយឆ្មក់ភូមិដ្ឋានប្រជាពលរដ្ឋ ចាប់ជម្រិតអ្នកស្រុក និងលួចសត្វចិញ្ចឹមរបស់ពួកគេ ៕
