រដ្ឋសភាកូរ៉េខាងត្បូង បានយល់ព្រមបញ្ចប់សេចក្តីព្រាងច្បាប់ ដើម្បីធ្វើការវិនិយោគ នៅសហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែមីនា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំង២។ នេះបើយោងតាមការលើកឡើងរបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗ នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមថា នឹងដំឡើងពន្ធលើការនាំចូលពីកូរ៉េខាងត្បូង ដោយស្តីបន្ទោសដល់ការពន្យារពេល ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសម្ព័ន្ធមិត្តអាស៊ីមួយនេះ បានសន្យាថា នឹងវិនិយោគក្នុងទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក។

គណៈកម្មាធិការពិសេសមួយ នឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ហើយមានសិទ្ធិអំណាចក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៩ ខែមីនា។ នេះបើយោងតាមថ្នាក់ដឹកនាំនៅសភានៃគណបក្សសំខាន់២ ដែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។
គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង កាលពីខែវិច្ឆិកាឆ្នាំមុន បានណែនាំសេចក្តីព្រាងច្បាប់នេះ ដើម្បីបង្កើតមូលនិធិពិសេសមួយ ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគដែលបានប្តេជ្ញាចិត្តធ្វើនៅសហរដ្ឋអាមេរិក ជាថ្នូរនឹងការបន្ទាបអត្រាពន្ធមកត្រឹម ១៥ភាគរយ លើរថយន្តកូរ៉េ៕

