យោងតាមការស្ទង់មតិថ្មីមួយ បានបង្ហាញថា បេក្ខជនរបស់គណបក្សសង្គមនិយម (PS) ដែលមាននិន្នាការនិយមកណ្ដាល ទំនងជាមានជ័យជម្នះដាច់ណាត់តែម្ដង លើមេដឹកនាំស្តាំនិយមជ្រុល នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ របស់ប្រទេសព័រទុយហ្គាល់ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
លោក Antonio Jose Seguro អតីតមេដឹកនាំគណបក្សសង្គមនិយម ទទួលបានសំឡេងគាំទ្រ ៦៧ភាគរយ ធៀបនឹង ៣៣ភាគរយរបស់មេដឹកនាំនៃគណបក្សប្រឆាំងនឹងស្ថាប័នរដ្ឋាភិបាល Chega គឺលោក Andre Ventura។ នេះបើយោងតាមការស្ទង់មតិដោយស្ថាប័នស្ទង់មតិសាកលវិទ្យាល័យ Catolica University ដែលចេញផ្សាយដោយទូរទស្សន៍ RTP កាលពីល្ងាចថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦)។

អស់រយៈពេល ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពីបដិវត្តន៍ Carnation Revolution របស់ប្រទេសព័រទុយហ្គាល់ បានបញ្ចប់ការគ្រប់គ្រងផ្តាច់ការ ការបោះឆ្នោតប្រធានាធិបតីជុំទី២ បានកើតឡើងតែម្តងគត់កាលពីមុនមក គឺនៅឆ្នាំ១៩៨៦ ដែលគូសបញ្ជាក់ពីការបែកបាក់នយោបាយ និងការខកចិត្តរបស់អ្នកបោះឆ្នោតជាមួយគណបក្សសំខាន់ អំឡុងការកើនឡើងនូវនិន្នាការស្តាំនិយមជ្រុល។
តំណែងប្រធានាធិបតីរបស់ព័រទុយហ្គាល់ ភាគច្រើនគឺជាតំណែងពិធីការ ប៉ុន្តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលស្ថានភាពនយោបាយដែលបែកបាក់របស់ប្រទេស និងមានអំណាចក្នុងការវេតូច្បាប់ និងបណ្តេញរដ្ឋាភិបាល។
លោក Seguro បាននិយាយថា លោកនឹងក្លាយជាប្រធានាធិបតីអព្យាក្រឹត និងបង្រួបបង្រួម ឯករាជ្យពីនយោបាយបក្សពួក ហើយនឹងមិនធ្វើជា «នាយករដ្ឋមន្ត្រីស្រមោល» ឡើយ ដោយបដិសេធមិនជ្រៀតជ្រែកក្នុងតួនាទីប្រចាំថ្ងៃរបស់រដ្ឋាភិបាល។ ផ្ទុយទៅវិញ លោក Ventura បានព្រមានថា លោកនឹងក្លាយជា «ប្រធានាធិបតីអន្តរាគមន៍» ដោយសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់គណបក្សសំខាន់អស់រយៈពេលជាច្រើនទសវត្សរ៍ និងជំរុញរបៀបវារៈប្រឆាំងអន្តោប្រវេសន៍ដ៏ខ្លាំងក្លាមួយ៕
