យោធាអាមេរិកនិយាយថា កាលពីថ្ងៃអង្គារម្សិលមិញ យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានដ្រូនអ៊ីរ៉ង់មួយគ្រឿង ដែលបានហោះខិតមកជិតខ្លាំងនាវាដឹកយន្តហោះ Abraham Lincoln នៅក្នុងសមុត្រអារ៉ាប់ នៅក្នុងឧបទ្ទេវហេតុមួយត្រូវបានរាយការណ៍លើកដំបូងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
ឧបទ្ទេវហេតុនេះ បានកើតមាន ស្របពេលក្រុមការទូតព្យាយាមរៀបចំកិច្ចប្រជុំនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថា នាវាចម្បាំងអាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ ហើយរឿងអាក្រក់អាចនឹងកើតឡើង បើសិនជាកិច្ចព្រមព្រៀងមិនឈានដល់ទេនោះ ។
ខណៈពេលនោះដែរ តម្លៃអនាគតប្រេងឆៅ LCOc1 បានឡើង ១ដុល្លារ ក្នុង ១បារ៉ែល ក្រោយព័ត៌មានថា យានដ្រូនអ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ ។
យោធាសហរដ្ឋអាមេរិកនិយាយថា យានដ្រូន Shahed-139 របស់អ៊ីរ៉ង់ បានហោះឆ្ពោះទៅកាន់នាវាដឹកយន្តហោះចម្បាំង ក្នុងគោលបំណងមិនច្បាស់លាស់ ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ។
លោកកាពីទែនកងទ័ពជើងទឹក Tim Hawkins គឺជាអ្នកនាំពាក្យមេបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក និយាយថា យន្តហោះចម្បាំង F-35C ហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln បានបាញ់ទម្លាក់យានដ្រូនអ៊ីរ៉ង់ជាស្វ័យការពារ និងការពារនាវាដឹកយន្តហោះចម្បាំង និងបុគ្គលិកនៅលើនាវា ៕