បាល់ទាត់៖ ក្លិប Chelsea បានសម្រេចដកសំណើរបស់ខ្លួន ក្នុងការស្នើសុំប្រកួតបិទទ្វារសំរាប់ការប្រកួត FA Cup ក្នុងដីថ្ងៃសៅរ៍នេះពេលជួបជាមួយ Middlesbrough នេះបើតាមការបញ្ជាក់របស់សមាគមបាល់ទាត់អង់គ្លេស FA។ ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យលក់សំបុត្រឡើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសសម្រេចដាក់ទណ្ឌកម្មថៅកែក្លិបសញ្ជាតិរុស្ស៊ីលោក Roman Abramovich។
FA បានឲ្យដឹងថា "បន្ទាប់ពីកិច្ចពិភាក្សាក្នុងន័យស្ថាបនារវាង FA និង Chelsea ក្លឹបបានយល់ព្រមលុបចោលសំណើរបស់ពួកគេ"។ FA នៅតែស្ថិតក្នុងការពិភាក្សាបន្តជាមួយ Chelsea ក្របខ័ណ្ឌ Premier League និងរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយដែលអាចឱ្យអ្នកគាំទ្រ Chelsea ចូលរួមទស្សនាទាំងការប្រកួតក្នុង និងក្រៅដីបាន តែនៅតែធានាបានថាមិនបំពានការដាក់ទណ្ឌកម្ម ពោលគឺធានាថា "មិនមានប្រាក់ចំណូលបន្ថែមអាចត្រូវបានផ្តល់ឱ្យក្លឹបដែលជាកម្មសិទ្ធិរបស់បុគ្គល ដែលឥឡូវនេះត្រូវបានដាក់ទណ្ឌកម្មនៅក្នុងចក្រភពអង់គ្លេស"។
សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស គឺដើម្បីដាក់សម្ពាធលើរុស្ស៊ីដែលបាន និងកំពុងវាយលុកឈ្លានពានចូលទឹកដីអ៊ុយក្រែន។ តែនៅពេលនេះបញ្ហានយោបាយក៏បានធ្វើឱ្យអនាគតក្លិបបាល់ទាត់ជោគជ័យ និងមានប្រជាប្រិយភាពមួយលើពិភពលោកស្ថិតក្នុងមន្ទិលផងដែរ៕
អត្ថបទ៖នាង សុភាវុធ