លោកប្រធានាធិបតីDonald Trumpនិយាយថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei គួរតែមានការព្រួយបារម្ភពីការបង្កើនសកម្មភាពយោធារបស់អាមេរិកក្នុងតំបន់ ហើយបានបង្ហើបពីការវាយប្រហារជុំថ្មី ប្រសិនបើទីក្រុងតេអេរ៉ង់ព្យាយាមចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ លោក Trump បាននិយាយអំពីលោក Khamenei ក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ថា លោកចង់និយាយថាមេដឹកនាំកំពូលអ៊ីរ៉ង់ គួរតែព្រួយបារម្ភឲ្យខ្លាំងបំផុត។

លោក Trump បានប្រើសង្គ្រាមវោហារសាស្ត្រជាមួយលោក Khamenei អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយបានគំរាមចាត់វិធានការយោធាជាការឆ្លើយតបទៅនឹងការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ ដែលរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់ពាន់នាក់។ លោកក៏បាននិយាយម្តងហើយម្តងទៀតអំពី កងនាវាចម្បាំង ដែលលោកបានដាក់ពង្រាយទៅកាន់តំបន់នោះផងដែរ។
លោកKhamenei បានវាយបកវិញ ដោយចោទប្រកាន់អាមេរិកថាកំពុងព្យាយាមដណ្តើមការគ្រប់គ្រងប្រទេសនេះ។ លោកបាននិយាយកាលពីថ្ងៃទី១ កុម្ភៈថា ប្រទេសណាមួយដែលផ្តួចផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់នឹងប្រឈមការវាយប្រហារដ៏ម៉ឺងម៉ាត់ ហើយបានព្រមានថាជម្លោះជាមួយអាមេរិកនឹងក្លាយជាសង្គ្រាមក្នុងតំបន់។
លោក Steve Witkoff បេសកជនពិសេសអាមេរិកត្រូវគេរំពឹងថានឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅសប្តាហ៍នេះ ដើម្បីពិភាក្សាដោយផ្ទាល់ ដែលអាចផ្ដោតលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសប្តាហ៍នេះថា លោកចង់សម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។លោកបាននិយាយកាលពីថ្ងៃទី២កុម្ភៈថាប្រសិនបើភាគីទាំងពីរមិនអាចរកបានកិច្ចព្រមព្រៀងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរបានទេ ប្រហែលជារឿងអាក្រក់ជាច្រើននឹងកើតឡើង៕

