ចៅក្រមអាមេរិក កាលពីថ្ងៃពុធ (៤ កុម្ភៈ) បានចេញសាលក្រមផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតទៅលើបុរសម្នាក់ឈ្មោះ Ryan Routh ដែលត្រូវបានចោទប្រកាន់ថា បានសម្ងំលាក់ខ្លួននៅក្នុងគុម្ពោតព្រៃនៃទីលានវាយកូនហ្គោលមួយក្នុងរដ្ឋ Florida ដោយមានកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិមួយដើម ដើម្បីព្យាយាមធ្វើឃាតលោក Donald Trump មិនដល់ពីរខែនោះទេមុនការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ដែលបានផ្ដល់ជ័យជម្នះឱ្យលោកត្រឡប់ទៅកាន់តំណែងប្រធានាធិបតីអាមេរិកវិញ។

លោក Routh វ័យ ៥៩ឆ្នាំ ត្រូវបានកាត់ទោសជាផ្លូវការកាលពីខែកញ្ញាឆ្នាំមុន ពីបទព្រហ្មទណ្ឌចំនួន ៥ករណី រួមទាំងការប៉ុនប៉ងធ្វើឃាត ខណៈបុរសរូបនោះការពារក្តីដោយខ្លួនឯងនៅក្នុងសវនាការ។ ក្នុងការប្រកាសសាលក្រមផ្ដន្ទាទោសនៅរដ្ឋ Florida ចៅក្រមប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Aileen Cannon បាននិយាយថា «ជារឿងច្បាស់ខ្លាំងណាស់ថា បុរសរូបនេះមានគម្រោងដែលបានគិតទុកនិងបានគណនាទុកជាមុន ដើម្បីសម្លាប់មនុស្ស»។

រដ្ឋអាជ្ញាបានណែនាំឱ្យកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលលោក Routh បានស្នើសុំចៅក្រម ឱ្យដាក់ទោសជាប់ពន្ធនាគារត្រឹមរយៈពេល ២៧ឆ្នាំ។ មេធាវីរបស់លោក Routh បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការថា លោកមានគម្រោងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនិងការកាត់ទោសនេះ។ លោក Routh ផ្ទាល់បាននិយាយនៅឯសវនាការ ដោយហៅខ្លួនឯងថាជា «ជនបរាជ័យ»។

គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ភ្នាក់ងារសេវាសម្ងាត់ប្រទះឃើញលោក Routh លាក់ខ្លួនក្នុងគុម្ពោតព្រៃ ចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីកន្លែងលោក Trump កំពុងលេងកូនហ្គោលនៅក្លឹបវាយកូនហ្គោលរបស់លោកក្នុងទីក្រុង West Palm Beach ។ បុរសរូបនោះរត់គេចពីកន្លែងកើតហេតុ ហើយបន្សល់ទុកកាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិមួយដើម ប៉ុន្តែក្រោយមកត្រូវបានចាប់ខ្លួនវិញ។
ហេតុការណ៍នេះបានកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ ត្រូវចំត្រចៀករបស់លោក Trump នៅពិធីជួបជុំឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania ដោយឧប្បត្តិហេតុទាំងពីរនោះ បានកើតឡើងនៅមុនការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤៕