អ្នកស្រុក និងនគរបាលបាននិយាយកាលពីថ្ងៃពុធ (៤ កុម្ភៈ) ថា មនុស្សជិត ២០០នាក់ ត្រូវបានសម្លាប់ដោយក្រុមជនប្រដាប់អាវុធ ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅភូមិដាច់ស្រយាលភាគកណ្តាល និងភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ខណៈកងកម្លាំងសន្តិសុខបន្តស្វែងរកអ្នករួចជីវិត និងដេញតាមចាប់ជនវាយប្រហារ។

លោក Saidu Baba Ahmed តំណាងរាស្រ្តនៃតំបន់នេះ បាននិយាយថា នៅរដ្ឋភាគកណ្តាល Kwara ខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារសហគមន៍ Woro កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧០នាក់។ នេះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតដែលបានកត់ត្រានៅឆ្នាំនេះ ក្នុងស្រុកមានព្រំប្រទល់ជាប់នឹងរដ្ឋ Niger ដែលជាតំបន់គោលដៅរបស់ខ្មាន់កាំភ្លើងដែលតែងវាយឆ្មក់ភូមិ ចាប់ជំរិតអ្នកស្រុក និងលួចប្លន់សត្វពាហនៈ។
ក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅរដ្ឋភាគខាងជើង Katsina អ្នកស្រុកនិងនគរបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងសម្លាប់មនុស្សលើសពី ២០នាក់ ខណៈរបាយការណ៍ខ្លះលើកពីតួលេខអ្នកស្លាប់ជាង ៣០នាក់ នៅពេលខ្មាន់កាំភ្លើងសម្រុកពីផ្ទះមួយទៅផ្ទះមួយដើម្បីបាញ់សម្លាប់អ្នកស្រុក។
ការវាយប្រហារនេះបានគូសបញ្ជាក់ពីភាពលំបាក ដែលអ្នកស្រុកនៅតំបន់ភាគខាងជើងដាច់ស្រយាលរបស់នីហ្សេរីយ៉ាកំពុងជួបប្រទះ ជាទីដែលអ្នកភូមិមួយចំនួនបានសម្រុះសម្រួលជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធដែលបង្កការភ័យខ្លាចដល់ពួកគេ។ ជាធម្មតា អ្នកស្រុកប្រមូលថវិកា និងស្បៀងអាហារទៅឱ្យក្រុមចោរប្លន់ទាំងនោះ ដើម្បីកុំឱ្យរងការវាយប្រហារ៕


