អ៊ុយក្រែន៖ ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ២០០តោនពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងដៃគូពាក់ព័ន្ធផ្សេងទៀតបានមកដល់ទីក្រុង Vinittsya របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ។ រថយន្តដឹកទំនិញទាំង ១១គ្រឿងដែលបញ្ជូនដោយកាកបាទក្រហមអាល្លឺម៉ង់ និងដៃគូសកម្មភាពកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានបញ្ជូនសម្ភារៈដែលនឹងត្រូវចែកចាយនៅទូទាំងប្រទេសអ៊ុយក្រែន។
ក្នុងចំណោមជំនួយដែលបានដឹកជញ្ជូននោះ មានសម្ភារៈពេទ្យសម្រាប់ការរងរបួសដោយសង្គ្រាម កញ្ចប់សង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ទឹក និងអនាម័យ។ នៅឃ្លាំងមួយក្នុងក្រុង Vinnytsia លោក Florian Seriex អ្នកនាំពាក្យរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ នៅក្នុងប្រទេសអ៊ុយក្រែននិយាយថា ជំនួយនេះគឺតិចតួចទាក់ទងទៅនឹង តម្រូវការដែលយើងសង្កេតឃើញនាពេលបច្ចុប្បន្ននៅអ៊ុយក្រែន។ ប្រជាជនត្រូវការអាហារ ប្រជាជនត្រូវការទឹក ប្រជាជនត្រូវការនៅកន្លែងដែលមានសុវត្ថិភាពជាងអ្វីទាំងអស់។
ជំនួយនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់នានារបស់អ៊ុយក្រែន អាស្រ័យលើលក្ខខណ្ឌសន្តិសុខ ការដំណើរការ និងទីកន្លែងចាំបាច់នៃការភៀសខ្លួនរបស់ជនស៊ីវិលច្រើនបំផុត។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននឹងកំពុងធ្វើការនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះចាប់តាំងពីឆ្នាំ២០១៤ មក៕
អត្ថបទ៖ ប៊ុនថន