អ្នកជំនាញខាងឧក្រិដ្ឋកម្មជនជាតិក្រិកម្នាក់បាននិយាយថា រដ្ឋាភិបាលគួរតែកំណត់គោលដៅលើក្រុមហ៊ុននានាពុំមែនក្មេងជំទង់ទេ ខណៈប្រទេសនេះកំពុងរៀបចំរារាំងបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ។ អ្នកជំនាញខាងឧក្រិដ្ឋកម្មនៅទីក្រុង Athens លោកស្រី Kelly Ioannou បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈថា បម្រាមនេះនឹងគ្រាន់តែរុញបញ្ហាឲ្យធ្លាក់ចុះ ហើយមិនអាចដោះស្រាយបានអ្វីទាំងអស់។

ប្រទេសក្រិក បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ថា វា «ខិតជិតដល់ហើយ» ក្នុងការប្រកាសបម្រាមលើបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយធ្វើទៅតាមប្រទេសដទៃទៀតដូចជាប្រទេសអេស្ប៉ាញជាដើម។ ពួកគេនឹងចូលរួមជាមួយប្រទេសជាច្រើនដូចជាអង់គ្លេស និងបារាំង ដែលកំពុងពិចារណាចាត់វិធានការកាន់តែតឹងរ៉ឹងលើបណ្តាញផ្សព្វផ្សាយសង្គម បន្ទាប់ពីប្រទេសអូស្ត្រាលីបានធ្វើកាលពីខែធ្នូ ដែលបានក្លាយជាប្រទេសដំបូងគេដាក់បម្រាមដំណើរការវេទិកាបែបនេះសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ។

លោកស្រី Ioannou អ្នកជំនាញខាងឧក្រិដ្ឋកម្មឌីជីថល ជឿជាក់ថា បម្រាមនេះអាចធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ ខណៈយុវជននឹងស្វែងរកវិធីជំនួសផ្សេងក្នុងការចូលប្រើប្រាស់បណ្តាញ។ លោកស្រីនិយាយថា «ពួកគេអាចមានភាពច្នៃប្រឌិតជាងមុន ដែលពួកគេអាចស្វែងរកវិធីផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិតនិងសូម្បីតែនៅលើវេទិកាមានផលប៉ះពាល់ជាងនេះ»។ ការស្ទង់មតិមួយកាលពីខែមករា ដែលធ្វើឡើងដោយអ្នកស្ទង់មតិ Alco សម្រាប់ទូរទស្សន៍ Alpha របស់ប្រទេសក្រិកបង្ហាញថា ៨០% នៃប្រជាជនក្រិកគាំទ្របម្រាមបែបនេះ។ អ្នកជំនាញខាងឧក្រិដ្ឋកម្មរូបនេះ ជឿថាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហាគឺ «យល់ពីមូលហេតុដែលយើងចិញ្ចឹមកូនជាមួយនឹងអាកប្បកិរិយា» ដែលធ្វើឱ្យក្មេងជំទង់ញៀនទៅនឹងការបំពេញចំណង់របស់ពួកគេលឿនពេក។