រុស្ស៊ី បានព្រមានទៅកាន់អ៊ុយក្រែនថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធនៅសមរភូមិនោះទេ រហូតដល់ទីក្រុងគីវ ធ្វើអ្វីដែលវិមានក្រឹមឡាំងចាត់ទុកថាជា «ការសម្រេចចិត្តត្រឹមត្រូវ» ដើម្បីបញ្ចប់ជម្លោះ ខណៈថ្ងៃដំបូងនៃការចរចាសន្តិភាពត្រីភាគី ទើបតែបានបញ្ចប់ថ្ងៃទីមួយរបស់ខ្លួនកាលពីថ្ងៃពុធ (៤ កុម្ភៈ)។

កិច្ចប្រជុំត្រីភាគីរយៈពេលពីរថ្ងៃនោះ ធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ហើយគ្រោងនឹងបន្តនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ នេះ ក្រោមការចរចាដែលសម្របសម្រួលដោយអាមេរិក ដើម្បីស្វះស្វែងរកទីបញ្ចប់ឱ្យជម្លោះដ៏បង្ហូរឈាមជិត ៤ឆ្នាំមកនេះ។ ទោះបីជាមានរបាយការណ៍ថា ការពិភាក្សាមានលក្ខណៈស្ថាបនាក៏ដោយ ក៏ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានផ្ដល់សញ្ញាថា កងទ័ពរុស្ស៊ី នឹងបន្តប្រយុទ្ធរហូតដល់ទីក្រុងគីវ ព្រមចុះចាញ់។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា ទ្វារឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីនៃស្ថានភាពអ៊ុយក្រែន នៅតែបើកចំហ ប៉ុន្តែបានបន្ថែមការព្រមានថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួនរហូតដល់ «ការសម្រេចចិត្តសមស្របត្រូវបានធ្វើឡើងដោយទីក្រុងគីវ»។

ទីក្រុងមូស្គូ ចង់ឱ្យអ៊ុយក្រែន ដកកងទ័ពចេញពីតំបន់ Donetsk ដែលកំពុងមានជម្លោះ រួមទាំងដកកម្លាំងចេញពីខ្សែក្រវ៉ាត់នៃទីក្រុងនានា ដែលត្រូវចាត់ទុកថាជា ខ្សែការពារដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ដោយនេះជាការទាមទារមួយដែលអ៊ុយក្រែនចាត់ទុកថាស្មើនឹងការចុះចាញ់។ ទីក្រុងគីវនិយាយថា ទឹកដីគួរតែត្រូវបានបង្កកនៅជួរមុខបច្ចុប្បន្ន។ បញ្ហានេះជាចំណុចជាប់គាំងដែលនៅតែមិនអាចដោះស្រាយបានពេញមួយការចរចាកន្លងមក៕