ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ទើរតែ១០០ភាគរយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយអាជ្ញាធរនៅតែបន្តអំពាវនាវ និងផ្សព្វផ្សាយបន្ថែមទៅដល់អ្នកមិនទាន់បានចាក់ ឱ្យទៅទទួលឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត ផេង ផល្លីន ប្រធានមន្ទីរពេទ្យដង្កោ បានឱ្យដឹងថា ដើម្បីបង្កការងាយស្រួលដល់ ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌដង្កោ និងមន្ត្រីជំនាញ បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន ៨កន្លែង ហើយការចាក់ គឺអនុវត្តចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ និងចាប់ពីដូសទី១ រហូតដល់ដូសទី៤។
លោកវេជ្ជបណ្ឌិត បានបន្តថា ពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង មាន ប្រមាណជាង ១៣ម៉ឺននាក់ ហើយពួកគេស្ទើរតែទាំងអស់បានមកចាក់វ៉ាក់សាំង ប៉ុន្តែតាមមណ្ឌលនីមួយៗ មិនត្រឹមតែមានពលរដ្ឋរស់នៅក្នុងខណ្ឌផ្ទាល់ទេមកចាក់ សូម្បីតែនៅខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនក៏មកចាក់ផងដែរ ។
លោកវេជ្ជបណ្ឌិត ផេង ផល្លីន បានបញ្ជាក់ថា នៅក្នុងខណ្ឌដង្កោ កុមារចាប់ពីអាយុ៣ឆ្នាំ រហូតដល់មនុស្សពេញវ័យក្រោម ១៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ និងមានវ៉ាក់សាំង៣ប្រភេទទៀត គឺ Moderna AstraZeneca និង Pfizer សម្រាប់ចាក់ដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ហើយនៅក្នុងខណ្ឌមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋ ។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មាន១០២,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០៧,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២នាក់, លើកុមារអាយុ ០៥ឆ្នាំ មាន ១២១,២៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧នាក់, លើកុមារអាយុ ០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ មាន៤៤,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០នាក់ ហើយលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន៩២,២៧% ៕ អត្ថបទ បាន សុខរិទ្ធិ