លោកឧត្តមសេនីយ៍ Dagvin Anderson មេបញ្ជាការនៃទីបញ្ជាការអាមេរិកនៅអាហ្វ្រិក (AFRICOM) បាននិយាយថា សហរដ្ឋអាមេរិកមានផែនការធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន នៅទ្វីបអាហ្វ្រិក ដែលមានឈ្មោះថា «African Lion» នៅក្នុងខែឧសភា ដោយសកម្មភាពភាគច្រើន នឹងធ្វើឡើង នៅប្រទេសម៉ា រ៉ុក រួមជាមួយកងទ័ពមកពីប្រទេសអាហ្វ្រិកចំនួន ១៩ និងប្រទេសជាច្រើនទៀតមកពីអឺរ៉ុប អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«សមយុទ្ធដ៏ធំបំផុតរបស់យើង នៅទ្វីបអាហ្វ្រិក គឺនៅប្រទេសម៉ារ៉ុក ដែលមានឈ្មោះថា African Lion នឹងធ្វើឡើង នៅក្នុងខែឧសភា» ដោយបន្ថែមថា សមយុទ្ធនេះ នឹងទាក់ទាញប្រទេសអាហ្វ្រិកចំនួន ១៩ ប្រទេសអឺរ៉ុបចំនួន ៦ ក៏ដូចជាដៃគូមកពីអាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា។ ក្រសួងការបរទេសបានចេញផ្សាយខ្សែអាត់សំឡេងនៃសុន្ទរកថារបស់លោក។

លោក Anderson បានបន្ថែមថា សកម្មភាពដែលបានជ្រើសរើស ក៏នឹងធ្វើឡើង នៅក្នុងប្រទេសទុយនេស៊ី ហ្គាណា និងសេណេហ្គាល់ផងដែរ។
យោងតាមមេបញ្ជាការរូបនេះ បន្ថែមពីលើសមយុទ្ធ African Lion នេះ សហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធ Cutlass Express នៅក្នុងប្រទេសម៉ូសំប៊ិករួចហើយ ដែលមានការចូលរួមពីប្រទេសអាហ្វ្រិកចំនួន ១៤ និងអឺរ៉ុបចំនួន ៥ ក៏ដូចជាប្រទេសពីរមកពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកក៏បានលើកឡើងពីសមយុទ្ធ Justified Accord ជាសមយុទ្ធយោធាពហុជាតិប្រចាំឆ្នាំដ៏សំខាន់របស់ទីបញ្ជាការសហរដ្ឋអាមេរិក នៅអាហ្វ្រិកខាងកើត ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកេនយ៉ា តង់ហ្សានី និងជីប៊ូទី។ លោក Anderson បានសង្កត់ធ្ងន់ថា សមយុទ្ធ Justified Accord នេះ គឺ«ផ្តោតលើការធ្វើជាពហុភាគី» ដោយសារពួកគេ មានគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួមគ្នាដូចជា ភេរវកម្ម ការរត់ពន្ធ និងការជួញដូរគ្រឿង ញៀន៕