រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនកាលពីថ្ងៃពុធថា បានព្រមានដល់ប្រជាជនថា ការដាច់ចរន្តអគ្គិសនីដែលបានគ្រោងទុក អាចកាន់តែអាក្រក់ឡើងៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយកងកម្លាំងរុស្ស៊ី អាចបើកការវាយប្រហារតាមអាកាសថ្មីមួយ ដើម្បីបិទបណ្តាញថាមពល និងប្រព័ន្ធកម្តៅបន្ថែមទៀត។

លោក Denys Shmyhal បាននិយាយថា បុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ជាង ២០០នាក់ កំពុងធ្វើការនៅក្នុងរដ្ឋធានីនេះ ដើម្បីស្តារកម្តៅឡើងវិញដល់អគារផ្ទះល្វែង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី នៅក្នុងខែមករា។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយកាលពីថ្ងៃអង្គារថា អគារជាង ១.១០០ខ្នង នៅតែគ្មានប្រព័ន្ធកម្តៅប្រើប្រាស់។
លោក Shmyhal បានសរសេរនៅលើបណ្តាញ Telegram បន្ទាប់ពីកិច្ចប្រជុំប្រចាំថ្ងៃរបស់មន្ត្រីជាន់ខ្ពស់ដែលបានលើកឡើងអំពីបញ្ហាថាមពលនេះថា៖«ស្ថានភាពថាមពល នៅតែពិបាកខ្លាំងណាស់។ មានហានិភ័យដែលកាលវិភាគសម្រាប់ការដាច់ចរន្តអគ្គិសនី អាចកាន់តែអាក្រក់ទៅៗ»។

«ការដាច់ចរន្តអគ្គិសនីនេះ ត្រូវបានភ្ជាប់ទៅនឹងការវាយប្រហារចុងក្រោយនេះ និងការពិតដែលថា កង្វះខាតនូវការផលិតនៅក្នុងប្រព័ន្ធថាមពល នៅតែធ្ងន់ធ្ងរ ហើយរុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារថ្មីលើវិស័យថាមពល នៅក្នុងសប្តាហ៍ខាងមុខ»។
លោក Shmyhal បាននិយាយថា អគារដែលការស្តារកម្តៅឡើងវិញ ទំនងជាត្រូវការពេលវេលាខ្លះ នឹងទទួលបានការធានាអះអាងថា ពួកវានឹងមានអគ្គិសនីប្រើប្រាស់រយៈពេល ១៨ម៉ោង ក្នុងមួយថ្ងៃ៕