មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែនម្នាក់បាននិយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកលក្ខខណ្ឌមិនសមស្រប ដូចជាការដកកងទ័ពជាឯកតោភាគីចេញពីសមរភូមិជួរមុខដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាមួយរុស្ស៊ី។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Pavlo Palisa បាននិយាយបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK នៅរដ្ឋធានីគីវ កាលពីថ្ងៃពុធ។

ទាក់ទងនឹងការចរចាសន្តិភាព លោក Palisa បាននិយាយថា ការសម្របសម្រួលដែលអាចធ្វើទៅបានគឺការបញ្ឈប់អរិភាព ហើយអ៊ុយក្រែន ក្នុងនាមជារដ្ឋមួយ នឹងមិនចុះចាញ់ឡើយ។
លោក Palisa និយាយថា រុស្ស៊ីមានគម្រោងដណ្តើមយកតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែននៅចុងខែមីនា ឬដើមខែមេសា ប៉ុន្តែផែនការនេះមិនប្រាកដនោះទេ ហើយកងកម្លាំងអ៊ុយក្រែននឹងបន្តវាយប្រហារបកវិញ។
លោកនិយាយថា រុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើរោងចក្រថាមពល ក្នុងអំឡុងរដូវរងាត្រជាក់ខ្លាំង និងបានរិះគន់សកម្មភាពទាំងនេះថាគ្មានអ្វីក្រៅពីអំពើភេរវកម្មនោះទេ។

លោក Palisa បានអំពាវនាវឱ្យមានការបន្តគាំទ្រពីអន្តរជាតិ ដូចជាការផ្តល់ប្រព័ន្ធការពារមីស៊ីល ដោយនិយាយថា រុស្ស៊ីកំពុងវិភាគពីរបៀបដែលការការពារដែនអាកាសរបស់អ៊ុយក្រែនដំណើរការ ហើយកំពុងព្យាយាមធ្វើឱ្យមានប្រសិទ្ធភាពជាងមុន។