លោកប្រធានាធិបតីចិន Xi Jinping បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ទល់នឹងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump ដោយកំណត់យកបញ្ហាកោះតៃវ៉ាន់ ថាជាបញ្ហាដ៏រសើប និងសំខាន់បំផុតនៅក្នុងរបៀបវារៈទ្វេភាគី ដោយព្រមានអំពីផលវិបាកនៃការសព្វាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យតំបន់របស់ប្រទេសចិន មួយនេះ។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃពុធ (៤ កុម្ភៈ) មេដឹកនាំចិនរូបនេះ បានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន អនុវត្ត «ការប្រុងប្រយ័ត្នខ្ពស់បំផុត» ទាក់ទងនឹងការដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់។ ទីក្រុងប៉េកាំងអះអាងថា ការជ្រៀតជ្រែកណាមួយក្នុងបញ្ហានេះ គឺជាការរំលោភបំពានដោយផ្ទាល់លើអធិបតេយ្យភាពជាតិរបស់ខ្លួន និងជាឧបសគ្គដែលមិនអាចយកឈ្នះបាន ចំពោះស្ថិរភាពការទូត។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ បានឱ្យដឹងថា លោក Xi បានព្រមានថា «តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយចិនត្រូវតែការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន។ ចិននឹងមិនអនុញ្ញាតឱ្យតៃវ៉ាន់ផ្ដាច់ខ្លួនឡើយ។ សហរដ្ឋអាមេរិក ត្រូវតែចាត់ចែងការលក់អាវុធទៅឱ្យតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត»។

ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៃការខ្វែងគំនិតគ្នាទាំងនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាបន្ថែមទៀត។ តាមរយៈការកំណត់កោះតៃវ៉ាន់ថាជា «បន្ទាត់ក្រហម» ទីក្រុងប៉េកាំងព្យាយាមទប់ស្កាត់នូវអ្វីដែលខ្លួនចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពីសំណាក់សហរដ្ឋអាមេរិក៕