នាយសេនាធិការកងទ័ពស៊ីរី ឧត្តមសេនីយ៍ឯក Ali Al-Naasan បានពិភាក្សាអំពីបញ្ហាយោធាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Yunus-Bek Yevkurov និងគណៈប្រតិភូរបស់លោក កាលពីថ្ងៃពុធ។

យោងតាមក្រសួងការពារជាតិស៊ីរី លោក Yevkurov កំពុងបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធា ដែលបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
កាលពីខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី លោកឧត្តមសេនីយ៍ឯក Murhaf Abu Qasr រដ្ឋមន្ត្រីការបរទេស លោក Asaad Al-Shaibani និងនាយកស៊ើបការណ៍សម្ងាត់ទូទៅ លោក Hussein Salameh បានជួប ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrey Belousov នៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

ប្រទេសរុស្ស៊ី គឺជាអ្នកគាំទ្រដ៏រឹងមាំនៃអតីតរបបរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងឆ្នាំ ២០១៥ ក្នុងការបញ្ឈប់ការដណ្តើមយកទឹកដីដោយក្រុមឧទ្ទាមក្នុងអំឡុងពេលជម្លោះស៊ីរី។ កាលពីខែធ្នូ ឆ្នាំ ២០២៤ ប្រទេសនេះ បានជួយលោក អាសាដ ក្នុងការភៀសខ្លួនចេញពីប្រទេសទៅកាន់ទីក្រុងមូស្គូពីមូលដ្ឋានទ័ពអាកាស Khmeimim ជិតទីក្រុងឆ្នេរសមុទ្រ Latakia។
រដ្ឋបាលថ្មីនៅទីក្រុងដាម៉ាស ដឹកនាំដោយលោកប្រធានាធិបតី Ahmad Al-Sharaa បានជួបជាមួយមន្ត្រីរុស្ស៊ី រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាច្រើនលើកច្រើនសារ ដើម្បីរក្សាទំនាក់ទំនងជាមួយរុស្ស៊ី និងបម្រើផលប្រយោជន៍ស៊ីរី៕