អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីការដួលរលំផ្នែកមនុស្សធម៌នៅក្នុងប្រទេសគុយបា ប្រសិនបើតម្រូវការថាមពលរបស់ប្រទេសនេះមិនត្រូវបានបំពេញ បន្ទាប់ពីសហរដ្ឋអាមេរិកមានចំណាត់ការរារាំងប្រេងទាំងអស់មិនឱ្យទៅដល់កោះតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ និងបានគំរាមដំឡើងពន្ធលើប្រទេសណាមួយដែលលូកដៃចូលជួយ។

ការព្រមានកាលពីថ្ងៃពុធបានកើតឡើងក្នុងពេលមានការខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរនៅក្នុងប្រទេសគុយបា ដែលបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោង សូម្បីតែនៅក្នុងរដ្ឋធានីឡាហាវ៉ាន ព្រមទាំងការកើនឡើងតម្លៃម្ហូបអាហារ និងការដឹកជញ្ជូន។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា ប្រមុខអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសគុយបា ដែលលោកបាននិយាយថា នឹង «កាន់តែធ្ងន់ធ្ងរ ប្រសិនបើតម្រូវការប្រេងរបស់ប្រទេសនេះ មិនត្រូវបានបំពេញ»។

លោក Dujarric ក៏បាននិយាយផងដែរថា រយៈពេលជាងបីទសវត្សរ៍មកហើយ មហាសន្និបាតអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យបញ្ចប់បម្រាមពាណិជ្ជកម្មដែលបានដាក់ដោយសហរដ្ឋអាមេរិកទៅលើប្រទេសគុយបា។ លោកបាននិយាយបន្ថែមថា «លោកអគ្គលេខាធិការ បានជំរុញឱ្យគ្រប់ភាគីទាំងអស់បន្តការសន្ទនា និងគោរពច្បាប់អន្តរជាតិ»។