ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Judd Trump បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Turkish Open ក្រោយយកឈ្នះមិត្តរួមជាតិ Matthew Selt ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Antalya ប្រទេសទួរគី។ កីឡាករវ័យ ៣២ឆ្នាំ Judd Trump ដែលទើបតែចាញ់ Joe Perry បាត់បង់ពាន Welsh Open សប្តាហ៍មុនក៏ធ្វើបាន ១៤៧ពិន្ទុពេញក្នុងមួយហ្វ្រេមជាលើកទី៦ ក្នុងអាជីពផងដែរក្នុងចំណោមលទ្ធផលឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ១០-៤ហ្វ្រេមនេះ។

កីឡាករលំដាប់លេខ ៣ ពិភពលោក Judd Trump លើកពានលើកនេះក្នុងឱកាសដែលទួរគីទទួលរៀបចំការប្រកួតស្នូកឃ័រអាជីពលំដាប់អន្តរជាតិជាលើកដំបូងផងដែរ។ ចំណែកឯកីឡាករវ័យ ៣៧ឆ្នាំ Matthew Selt ទើបតែបានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ Ranking បែបនេះជាលើកទី២ ប៉ុណ្ណោះ។ Selt ក៏ធ្លាប់យកឈ្នះ Trump ផងដែរនៅជុំទី៣ UK Championship កាលពីខែវិច្ឆិកាឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ