ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) នេះថា កូរ៉េខាងត្បូង កំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសចិន លើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ខណៈទីក្រុងសេអ៊ូល បានបើកបង្ហាញផែនការដើម្បីធានាបាននូវការផ្គត់ផ្គង់រ៉ែកម្រដ៏មានស្ថេរភាព ដែលត្រូវការចាំបាច់សម្រាប់បច្ចេកវិទ្យាទំនើបៗ។

ក្រសួងពាណិជ្ជកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ និងគណៈកម្មាធិការរួម ជាមួយអាជ្ញាធរចិន ដើម្បីជួយក្រុមហ៊ុនកូរ៉េខាងត្បូងនាំចូលរ៉ែចិន ឱ្យបានលឿន និងអាចទុកចិត្តបាន។ ក្រសួងបន្តថា កូរ៉េខាងត្បូង ដែលពោរពេញទៅដោយក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ ថ្មរថយន្តអគ្គិសនី និងប្រេងឥន្ធនៈ មានការខ្វះខាតខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញសម្រាប់រ៉ែកម្រដ៏សំខាន់នោះ។
កាលពីខែតុលាកន្លងទៅ ទីក្រុងប៉េកាំង បានពង្រីកការគ្រប់គ្រងលើរ៉ែកម្ររបស់ខ្លួន រួមទាំងការត្រួតពិនិត្យបន្ថែមសម្រាប់អ្នកប្រើប្រាស់រ៉ែដ៏សំខាន់ទាំងនេះទៅផលិតក្នុងបន្ទះឈីប។ នៅពេលនោះ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បាននិយាយថា ការផ្តាច់មុខរបស់ប្រទេសចិន លើរ៉ែកម្រ បានបង្កើនភាពមិនស្ថិតស្ថេរនៅក្នុងបណ្ដាញផ្គត់ផ្គង់សកល។
កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសជាច្រើន រួមទាំងកូរ៉េខាងត្បូង និងជប៉ុន បានចូលរួមជាមួយក្លឹបមួយស្តីពីការជួញដូររ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលគ្របដណ្ដប់លើការផ្គត់ផ្គង់រ៉ែកម្របែបនេះ៕

