ចៅក្រមអាហ្សង់ទីន កាលពីថ្ងៃពុធ (៤ កុម្ភៈ) បានស្នើឱ្យសហរដ្ឋអាមេរិក ធ្វើបត្យាប័នអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ទៅឱ្យអាហ្សង់ទីន ដើម្បីប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីនោះ។ បច្ចុប្បន្ន លោក Maduro ដែលត្រូវបានចាប់ខ្លួនដោយយោធាអាមេរិកកាលពីខែមុន កំពុងត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក ដោយប្រឈមនឹងការចោទប្រកាន់ពីសហព័ន្ធរបស់សហរដ្ឋអាមេរិក ពីបទភេរវកម្មគ្រឿងញៀន និងការឃុបឃិតនាំចូលកូកាអ៊ីន។

ក្រុមចៅក្រមរបស់អាហ្សង់ទីន កំពុងតាមស៊ើបអង្កេតយ៉ាងសកម្មលើករណីរំលោភសិទ្ធិមនុស្សហួសពីព្រំដែនរបស់ខ្លួន ដែលការស៊ើបអង្កេតនោះចោទប្រកាន់លោក Maduro ថាប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ក្នុងការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករ និងគូប្រជែងនយោបាយវ៉េណេស៊ុយអេឡា ពេលលោកនៅជាប្រធានាធិបតី។ ដើមបណ្តឹងរួមមានជនជាតិវ៉េណេស៊ុយអេឡា ដែលបានរងការធ្វើទារុណកម្ម និងការឃុំខ្លួនតាមអំពើចិត្ត ក្នុងចំណោមអំពើរំលោភបំពានផ្សេងៗទៀត នៅក្នុងដៃរបស់មន្រ្តីវ៉េណេស៊ុយអេឡា។
គួរឱ្យដឹងថា សំណុំរឿងនេះ ត្រូវបានបានដាក់នៅទីក្រុងប៊ុយណូស៊ែ ក្នុងឆ្នាំ២០២៣ ដោយអង្គការសិទ្ធិមនុស្សដែលតំណាងឱ្យជនរងគ្រោះ ហើយបណ្ដឹងនេះពឹងផ្អែកលើគោលការណ៍នៃយុត្តាធិការសកល ដែលជាគោលគំនិតផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យមានការចោទប្រកាន់នៅក្នុងប្រទេសអាហ្សង់ទីន ចំពោះជនណាម្នាក់មកពីប្រទេសណាក៏ដោយ ដែលប្រព្រឹត្តបទព្រហ្មទណ្ឌ ដូចជាអំពើប្រល័យពូជសាសន៍ ឬភេរវកម្មនៅគ្រប់ទីកន្លែងក្នុងពិភពលោក។
ឥឡូវនេះ ក្រសួងការបរទេសអាហ្សង់ទីន ត្រូវតែដាក់សំណើនេះជូនទៅរដ្ឋបាលអាមេរិក ដែលទំនងជាមិនអនុវត្តតាមនោះទេ ដោយសារលោក Maduro និងភរិយារបស់លោកគឺលោកស្រី Cilia Flores កំពុងរង់ចាំការកាត់ក្តីនៅក្នុងពន្ធនាគារ Brooklyn នៃទីក្រុងញូវយ៉ក៕

