ការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៤ កុម្ភៈ) នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តជឿនលឿន ឬ Science Advances បានឱ្យដឹងថា ការប៉ះពាល់រ៉ាំរ៉ៃទៅនឹងភាគល្អិតបំពុលពីផ្សែងចំហេះព្រៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់មនុស្សរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ឯកសារនេះបានរកឃើញថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ការប៉ះពាល់រយៈពេលវែងទៅនឹងភាគល្អិតតូចៗពីផ្សែងចំហេះព្រៃ ដែលគេហៅថា កំហាប់ភាគល្អិតនិចល PM2.5 បានរួមចំណែកដល់ការស្លាប់ជាមធ្យម ២៤.១០០នាក់ ក្នុងមួយឆ្នាំ នៅរដ្ឋចំនួន៤៨។
លោក Yaguang Wei អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះ និងជាអ្នកជំនាញវេជ្ជសាស្ត្របរិស្ថានមួយរូបបានព្រមានថា «សាររបស់យើងគឺ៖ ផ្សែងចំហេះព្រៃមានគ្រោះថ្នាក់ខ្លាំងណាស់ និងជាជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពមនុស្ស»។

អ្នកវិទ្យាសាស្ត្រដទៃទៀត ដែលបានសិក្សាទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារផ្សែងភ្លើងឆេះព្រៃ ពុំមានការភ្ញាក់ផ្អើលចំពោះការរកឃើញនេះទេ។ លោក Michael Jerrett សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខភាពបរិស្ថាននៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា របស់អាមេរិក ដែលមិនបានចូលរួមក្នុងការសិក្សានេះ បាននិយាយថា «ការប៉ាន់ស្មានដែលពួកគេកំពុងបង្កើតឡើង គឺសមហេតុផលណាស់»។
ក្រុមស្រាវជ្រាវនៃឯកសារនេះ បានផ្តោតលើការស្លាប់ទាក់ទងនឹងការប៉ះពាល់រ៉ាំរ៉ៃ ទៅនឹងកំហាប់ភាគល្អិតនិចល ឬហៅថា PM2.5 ដែលជាក្តីបារម្ភចម្បងពីផ្សែងចំហេះព្រៃ។ ភាគល្អិតទាំងនេះអាចជ្រាបចូលជ្រៅទៅក្នុងសួត ហើយចូលក្នុងចរន្តឈាម។ ការប៉ះពាល់រយៈពេលខ្លីអាចបង្កឱ្យមានការក្អក និងរមាស់ភ្នែក ប៉ុន្តែសម្រាប់រយៈពេលវែង គឺអាចធ្វើឱ្យបញ្ហាសុខភាពដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើង៕

