ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) បានបដិសេធមិនជ្រើសរើសគាំទ្រាំអ្នកណាឡើយ នៅក្នុងការជជែកដេញដោលអំពីថា តើបុគ្គលរូបណា រវាងអនុប្រធានាធិបតី គឺលោក J.D. Vance និងរដ្ឋមន្ត្រីការបរទេស គឺលោក Marco Rubio នឹងសមបំផុត ក្នុងការក្លាយជាអ្នកស្នងតំណែងរបស់លោក នៅក្នុងយុទ្ធនាការប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៨។
លោក Vance អតីតសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមកពីរដ្ឋ Ohio បាននិយាយថា លោកនឹងនិយាយជាមួយលោក Trump អំពីលទ្ធភាពនៃការឈរឈ្មោះ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា។
ជាមួយគ្នានេះ ក៏មានការលើកឡើងពីក្នុងចំណោមអ្នកជំនាញខាងបក្សសាធារណរដ្ឋថា លោក Rubio អតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Florida ដែលបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក្នុងឆ្នាំ២០១៦ និងដែលបានចាញ់លោក Trump អាចស្វែងរកតំណែងប្រធានាធិបតីនេះ។

ហើយលោក Rubio ផ្ទាល់ ក៏មិនបានបិទឱកាស ក្នុងការឈរឈ្មោះនៅឆ្នាំ២០២៨ នោះដែរ ប៉ុន្តែបានសរសើរលោក Vance ថា ជាបេក្ខជនដ៏មានសក្តានុពលម្នាក់។
ក្នុងអំឡុងបេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News លោក Trump បាននិយាយថា លោកនឹង «មានទំនោរ» គាំទ្រអ្នកស្នងតំណែង នៅពេលត្រូវបានសួរ អំពីលោក Vance និងលោក Rubio ប៉ុន្តែបានបន្ថែមថា លោកមិនចង់ចូលប្រធានបទនេះឥឡូវនេះទេ។
លោក Trump តែងតែនិយាយថា បុរសទាំង២ គួរតែឈរឈ្មោះជាមួយគ្នា។ ការបោះឆ្នោតឆ្នាំ២០២៨ នឹងមានការប្រណាំងប្រជែងដ៏បើកចំហរទាំងនៅខាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ហើយគេរំពឹងទុកថា មានបេក្ខជនចូលរួមយ៉ាងច្រើន៕
