លោក Vasily Nebenzya តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ នឹងនាំឲ្យមានផលវិបាកដ៏គ្រោះថ្នាក់សម្រាប់តំបន់ទាំងមូល។
លោកបានប្រាប់អ្នកសារព័ត៌មានរុស្ស៊ីថា៖«យើងសង្ឃឹមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹង ងាកទៅរកការវិនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្វេងយល់យ៉ាងស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហានេះ និងប្រព្រឹត្តិប្រកបដោយស្ថាបនាជាងមុន។ ដំណោះស្រាយយោធាណាមួយ គឺមិនអាចទទួលយកបាន មានគ្រោះថ្នាក់ និងអាចបង្កឲ្យមានផលវិបាកក្នុងតំបន់»។

លោក Nebenzya បានរំលឹកថា៖«នៅដើមឆ្នាំនេះ យុទ្ធនាការ «រិះគន់» អ៊ីរ៉ង់ បានបន្តជាមួយកម្លាំងនិងការជំរុញឲ្យមានការតវ៉ា នៅក្នុងប្រទេសនេះ»។
លោក Nebenzya បាននិយាយថា៖«នៅថ្ងៃទី ១៥ ខែមករា តាមការស្នើសុំរបស់សហរដ្ឋអាមេរិក កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ត្រូវបានរៀបចំឡើង ហើយសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូលោកខាងលិចគា្រន់តែចោទប្រកាន់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ប៉ុណ្ណោះ»។
លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ យើង [រុស្ស៊ី] និងសហការីស្ថាបនាមួយចំនួនទៀត នៅក្នុងក្រុមប្រឹក្សា បានវិលត្រឡប់ទៅរកអាណត្តិបន្ទាន់របស់ខ្លួនវិញ ហើយបានចង្អុលបង្ហាញពីកន្លែងដែលការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិមកពីណា ចាប់ពីការគំរាមកំហែងដោយចំហ ដើម្បីប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ»៕
