គណៈកម្មាធិការទទួលបន្ទុកកិច្ចការយុត្តិធម៌សភាហ្វីលីពីន កាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) បានលើកឡើងថា ពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងចំនួន ២ ប្រឆាំងនឹងលោកប្រធានាធិបតី Ferdinand Marcos Jr ដែលចោទរូបលោកពីបទប្រព្រឹត្តអំពើពុករលួយ រំលោភរដ្ឋធម្មនុញ្ញ និងក្បត់ទំនុកចិត្តសាធារណៈ គឺមិនមានមូលដ្ឋានគាំទ្រគ្រប់គ្រាន់នោះទេ។
នៅថ្ងៃទី៣ នៃការពិភាក្សា អំពីពាក្យបណ្តឹងដែលដាក់ដោយឡែកដាច់ពីគ្នា ពីសំណាក់មេធាវី និងសកម្មជន គណៈកម្មាធិការនេះ បានសម្រេចជាឯកច្ឆន្ទថា ពាក្យប្ដឹងទាំង ២ នោះ មិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ទេស។ លោក Marcos ដែលកំពុងស្ថិតក្នុងតំណែងពាក់កណ្តាលអាណត្តិ បានបដិសេធមិនបានធ្វើអ្វីខុសឡើយ។

សភាតំណាងរាស្ត្រ ត្រូវបានគេរំពឹងថា នឹងកោះប្រជុំ សម្រាប់ការបោះឆ្នោតពេញអង្គ ដែលវាអាចជាការគាំទ្រការដល់ការរកឃើញរបស់គណៈកម្មាធិការ ឬបដិសេធការសម្រេចនេះ។ សភាបច្ចុប្បន្ន ត្រូវបានគ្របដណ្ដប់ដោយអ្នកស្មោះត្រង់ ចំពោះលោកប្រធានាធិបតី។
គណៈកម្មាធិការមិនបានប្រកាសពីជំហានបន្ទាប់ដែលត្រូវអនុវត្ត ដើម្បីដោះស្រាយពាក្យបណ្តឹងទាំង ២ នេះឡើយ។ លោកស្រីប្រធាន Gerville Luistro បាននិយាយថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការយុត្តិធម៌ មានគម្រោងបញ្ចប់របាយការណ៍នេះ ហើយដាក់ជូនសម័យប្រជុំពេញអង្គ នៅថ្ងៃទី៩ ខែកុម្ភៈ។
គួរបញ្ជាក់ថា ដើម្បីឲ្យលោក Marcos ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ត្រូវតែមានការគាំទ្រយ៉ាងហោចណាស់ ១ភាគ៣នៃសំឡេងពីសភាជាន់ទាប។ ប្រសិនបើរឿងនោះកើតឡើង លោកនឹងក្លាយជាប្រមុខរដ្ឋហ្វីលីពីនទី២ ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បន្ទាប់ពីអតីតប្រធានាធិបតី លោក Joseph Estrada ដែលការកាត់ក្តីរបស់លោកក្នុងឆ្នាំ២០០១ ត្រូវបានលុបចោលនៅពេលដែលរដ្ឋអាជ្ញាមួយចំនួន បានដើរចេញ៕
