ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu បានដាក់ពង្រាយកងវរសេនាធំកងទ័ព ទៅកាន់រដ្ឋដែលមានបញ្ហា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្សរហូតដល់ ១៦២នាក់ ក្នុងការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងប្រទេសនេះ រយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការវាយប្រហារកាលពីយប់ថ្ងៃអង្គារទៅលើភូមិ Woro ក្នុងរដ្ឋ Kwara បានកើតឡើង បន្ទាប់ពីយោធាទើបតែបានធ្វើប្រតិបត្តិការនៅក្នុងតំបន់នេះប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជា«ក្រុមភេរវករ»។
លោក Babaomo Ayodeji លេខាធិការកាកបាទក្រហមនៃរដ្ឋ Kwara បាននិយាយថា ខ្មាន់កាំភ្លើងបានដុតហាងទំនិញជាច្រើន និងផ្ទះរបស់មេដឹកនាំសហគមន៍ ហើយអ្នករងរបួស បានរត់ចូលទៅក្នុងព្រៃ។
លោក Ayodeji បាននិយាយថា៖ «របាយការណ៍បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ឥឡូវនេះ មាន ១៦២នាក់ ខណៈដែលការស្វែងរកសាកសពបន្ថែមទៀត នៅតែបន្ត»។
ការវាយប្រហារនេះ ត្រូវបានបញ្ជាក់ដោយនគរបាល ដែលមិនបានផ្តល់តួលេខអ្នកស្លាប់ និងរបួសទេ៕
