ព្រិលធ្លាក់ខ្លាំង ត្រូវបានព្យាករថា នឹងកើតឡើងនៅតំបន់ភាគខាងជើង និងខាងលិច តាមបណ្តោយឆ្នេរសមុទ្រជប៉ុន នាចុងសប្តាហ៍នេះ ដោយទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានព្រមានថា វានឹងឡើងដល់កម្រិតខ្លាំងបំផុត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជាពេលដែលប្រទេសនឹងរៀបចំការបោះឆ្នោតសកល។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានអំពីការរំខានដល់ការធ្វើចរាចរណ៍ និងបំណាក់ព្រិលទឹកកក ដោយបានព្យាករពីការមានព្យុះព្រិល នៅកោះ Hokkaido ភាគខាងជើង នៅថ្ងៃទី៦ ខែកុម្ភៈ ក៏ដូចជាការធ្លាក់ព្រិលពេញមួយចុងសប្តាហ៍ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅតំបន់ Kanto និង Kyushu ដែលជារឿយៗមានព្រិលធ្លាក់តិចតួច។

ការធ្លាក់ព្រិលខ្លាំង នឹងបន្តមាននៅក្នុងតំបន់មួយចំនួននៃតំបន់ភាគខាងជើង និងខាងលិច ពេញមួយចុងសប្តាហ៍។ ហើយទីភ្នាក់ងារឧតុនិយម កំពុងជំរុញឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែលទ្ធភាពនៃការធ្លាក់ព្រិលខ្លាំង អាចនឹងដល់កម្រិតព្រមាន នៅថ្ងៃទី៨ ខែកុម្ភៈ។
ប្រព័ន្ធសម្ពាធទាបដែលកំពុងកកើតឡើងចេញពីសមុទ្រជប៉ុន ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់តំបន់នេះ ដែលបង្កើតជាគំរូសម្ពាធរដូវរងាដ៏ខ្លាំងមួយ។ ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី៧ ខែកុម្ភៈ កោះ Hokkaido ត្រូវបានគេរំពឹងថា នឹងមានព្រិលធ្លាក់កម្រាស់រហូតដល់ ៥០សង់ទីម៉ែត្រ និង ៤០សង់ទីម៉ែត្រ នៅភាគឦសាននៃប្រទេសជប៉ុន ខណៈដែលផ្នែកខ្លះនៃតំបន់ Hokuriku នៅភាគកណ្តាលប្រទេសជប៉ុន ទំនងជាមានព្រិលធ្លាក់កម្រាស់រហូតដល់ ៣០សង់ទីម៉ែត្រ៕
