សារព័ត៌មានក្នុងស្រុក រាយការណ៍កាលពីថ្ងៃពុធថា នគរបាលនៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី និយាយថា ពួកគេមានជំនឿថា ម៉ូទ័រកាត់ដែក ត្រូវបានប្រើប្រាស់ ដើម្បីកាត់ទម្លាក់ និងលួចរូបសំណាកធ្វើពីប្រាក់របស់លោក មហាត្មះ គន្ធី នៅទីក្រុងMelbourne កាលពីខែមុន ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា រូបសំណាកប្រាក់ដែលត្រូវបានគេរាយការណ៍ថា មានទម្ងន់ ៤២០គ.ក ត្រូវបានចោរលួចពីមជ្ឈមណ្ឌលសហគមន៍ឥណ្ឌា-អូស្រ្តាលី ស្ថិតក្នុងតំបន់ជាងក្រុង Rowville នៅភាគអាគ្នេយទីក្រុង Melbourne កាលពីថ្ងៃទី ១២ ខែមករា ។

រូបសំណាកនេះ ត្រូវបានសម្ពោធកាលពីឆ្នាំ ២០២១ ដោយអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison ហើយនិងត្រូវបានបរិច្ចាគដោយរដ្ឋាភិបាលឥណ្ឌា ។
សូមបញ្ជាក់ថា លោក មហាត្មះ គន្ធី គឺជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ខ្លាំងពូកែម្នាក់របស់ប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិឥណ្ឌា ។
លោកគឺជាអ្នកត្រួសត្រាយផ្លូវក្នុងការទប់ទល់ការគាបសង្កត់លើក្រុមបះបោរ ដោយរូបលោកប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា និងបានធ្វើឲ្យប្រទេសឥណ្ឌាឆ្ពោះទៅរកឯករាជ្យភាព ក៏ដូចជាបំផុសគំនិតឲ្យមានចលនាតស៊ូសំរាប់សិទ្ធសេរីភាព នៅលើពិភពលោក ៕
