សាកសពជនរងគ្រោះនៃការប្រហារជីវិត និងរូបភាពមនុស្សបាត់ខ្លួន បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងរដ្ឋធានី Culiacan និងទីក្រុងធំបំផុត Sinaloa ។
ទីក្រុង Culiacan ពោរពេញដោយអំពើហិង្សា និងឧក្រិដ្ឋកម្មគ្រឿងញៀន បើទោះបីជាមានការដាក់ពង្រាយកងកម្លាំងសន្តិសុខ និងកងកម្លាំងសហព័ន្ធយ៉ាងណាក្តី ស្របពេលដែលប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បញ្ចេញយុទ្ធសាស្រ្តកាលពីថ្ងៃពុធ ដើម្បីចៀសវាងការប្រយុទ្ធដាក់គ្នាដោយផ្ទាល់របស់យោធា ការពារអំពើហិង្សាកើនឡើង ដោយផ្តោតសំខាន់លើការធ្វើឲ្យស្ថានការតានតឹងប្រែក្លាយជាថមថយ និងប្រតិបត្តិការចារកម្ម ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើ យុទ្ធសាស្រ្តមួយនេះ នឹងអាចកាត់បន្ថយអំពើហិង្សានៅទីក្រុង Culiacan បានដែរឬយ៉ាងណានោះទេ ។

យោងតាមការអះអាងរបស់លោក Javier Llausasគឺជាប្រធានអង្គការស៊ីវិល Culiacan Participa បានឲ្យដឹងថា ជាមធ្យមមនុស្ស ៤-៥នាក់ ត្រូវបានគេសម្លាប់រាល់ថ្ងៃ ហើយរថយន្ត ១៨គ្រឿង ត្រូវបានគេលួច ។
លោក Llausas បន្តថា មនុស្ស ៩នាក់ ក្នុងចំណោមអ្នកស្រុក ១០នាក់ យល់ឃើញថា គ្មានសុវត្ថិភាព ដោយផ្អែកលើការស្ទង់សន្តិសុខ ។
ក្រុមអ្នកស្រុក បានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំងរបស់ពួកគេ ហើយបើទោះបីជាមានប្រតិបត្តិការបង្រ្កាប ការចាប់ខ្លួន និងការរឹបអូសយ៉ាងណាក្តី ក្រុមឧក្រិដ្ឋជននៅតែបន្តប្រយុទ្ធគ្នានៅក្នុងទីក្រុង Culiacan ខណៈធុរកិច្ចបិទទ្វារ ជនស៊ីវិលរងគ្រោះ រួមទាំងការស្លាប់ពីការបាញ់តបត អំឡុងប្រតិបត្តិការរបស់នគរបាលផងដែរ ។
រដ្ឋាភិបាលម៉ិកស៊ិក បានតាមដានប្រភពដើមនៃសង្រ្គាមគ្រឿងញឿននៅទីក្រុង Sinaloa រហូតដល់ការចាប់ជម្រិតមេខ្លោងគ្រឿងញឿនលោក Ismael Zambada កាលពីខែកក្កដា ឆ្នាំ ២០២៤ ប៉ុន្តែរយៈពេល ១៨ខែក្រោយមក ជម្លោះពុំបានបង្ហាញពីសញ្ញាបញ្ចប់នោះទេ ៕
