ប្រដាល់៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ហេតុផល ១គត់ដែលនាំឲ្យសហព័ន្ធសម្រេចផ្ទេរកីឡាការិនី ពីសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ទៅប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកីឡាឃីកប៊ុកស៊ីងកម្ពុជាវិញ គឺដោយសារកត្ដាកម្ពស់។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា នៅ ស្រីពៅ បានស្នើផ្ទាល់មកសហព័ន្ធពីការផ្លាស់ប្ដូរទៅចាប់ជំនាញឃីកបុកស៊ីង ក្រោមមូលហេតុកម្ពស់មិនអំណោយផល ធ្វើឲ្យពិបាកយកឈ្នះគូប្រកួតលើវិញ្ញាសាកីឡាប្រដាល់សកល ហើយថ្នាក់ដឹកនាំសហព័ន្ធក៏អនុញ្ញាតឲ្យនាងទៅ។ ប៉ុន្ដែការចាកចេញរបស់អតីតម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន មិនធ្វើឲ្យប៉ះពាល់ដល់ការត្រៀមស៊ីហ្គេមនោះទេ ដ្បិតសហព័ន្ធនឹងផ្ដល់អាទិភាពសម្រាប់អ្នកមានសមត្ថភាពពិតប្រាកដ។ គួរដឹងថា កាលពីពេលថ្មីៗ នៅ ស្រីពៅ ក៏បានបញ្ជាក់ហេតុផលមួយចំនួន ដែលនាងសម្រេចចិត្តចូលក្រុមជម្រើសជាតិឃីកបុកស៊ីងផងដែរ ទី១-ឃីកបុកស៊ីងមានទីផ្សារប្រកួតអន្ដរជាតិច្រើន ហើយកីឡានេះក៏មានក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម នាចុងឆ្នាំ២០២១ នេះដែរ។ មួយទៀតលេងកីឡាឃីកបុកស៊ីង អាចផ្ដល់ឱកាសឲ្យនាងបានប្រកួតច្រើន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
គួរបញ្ជាក់ថា នៅ ស្រីពៅ បានជាប់ជម្រើសជាតិប្រដាល់សកលកម្ពុជាដំបូង នៅឆ្នាំ២០១៨ ហើយនៅឆ្នាំបន្ទាប់នាងបានចេញទៅប្រកួត កីឡាស៊ីហ្គេមលើកដំបូងនៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ខណៈពេលនោះនាងទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ លី ឈុនឡា