ក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការផុតកំណត់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក-រុស្ស៊ី គឺជារឿងគួរឲ្យសោកស្តាយ ហើយពួកគេជំរុញឲ្យសហរដ្ឋអាមេរិកចាប់ផ្តើមឡើងវិញកិច្ចសន្ទនាជាមួយរុស្ស៊ីលើស្ថិរិភាពយុទ្ធសាស្រ្ត ។
កិច្ចព្រមព្រៀង New START បានដល់ទីបញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពុំទទួលយកសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីបន្តកំណត់ក្បាល់គ្រាប់នុយក្លេអ៊ែរនៅក្នុងកិច្ចព្រមព្រៀង សម្រាប់រយៈពេល ១ឆ្នាំទៀត ។
រុស្ស៊ីនិយាយកាលពីថ្ងៃពុធថា ពួកគេបើកទូលាយចំពោះកិច្ចប្រជុំសន្តិសុខ ប៉ុន្តែពួកគេពិតជាតបតនឹងការគំរាមកំហែងថ្មីណាមួយ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនសោកស្តាយចំពោះការផុតកំណត់សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពយុទ្ធសាស្រ្តសកលលោក ។
លោកបន្តថា ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកឆ្លើយតបដោយវិជ្ជមាន ដោះស្រាយការរៀបចំបន្តសន្ធិសញ្ញាដោយមានទំនួលខុសត្រូវ ហើយនិងចាប់ផ្តើមកិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្រ្តជាមួយរុស្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ក្រសួងការបរទេសចិន បានបញ្ជាក់ឡើងវិញផងដែរថា ខ្លួនប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវយុទ្ធសាស្ត្រនុយក្លេអ៊ែរការពារខ្លួន ៕