បុរសម្នាក់ បានបង់ជីវិតរបស់គាត់នៅប្រទេសព័រទុយហ្គាល់ ក្រោយពេលទឹកជំនន់ហូរនាំយករថយន្តរបស់គាត់ទៅ ហើយនៅប្រទេសអេស្ប៉ាញវិញ ក្មេងស្រីម្នាក់ ត្រូវបានគេរាយការណ៍បាត់ខ្លួន ក្រោយត្រូវបានទឹកហូរនាំយកទៅក្នុងទន្លេ ពេលដែលព្យុះ Leonardo បានវាយប្រហារឧបទ្វីបអ៊ីបេរី នាំមកជាមួយភ្លៀងធ្លាក់ និងសន្ទុះខ្យល់បក់ខ្លាំង ។
ព្យុះ Leonardo គឺជាព្យុះចុងក្រោយគេក្នុងចំណោមរលកផ្ទុះចំនួន ៦ ដែលបានបោកបក់ឆ្លងកាត់ប្រទេសព័រទុយហ្គាល់ និងប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០២៦នេះ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង គ្មានថាមពល ។
ក្រុមអាជ្ញាធរព័រទុយហ្គាល់ បានបញ្ជាក់កាលពីថ្ងៃពុធថា បុរសវ័យ ៧០ឆ្នាំម្នាក់ បានស្លាប់ នៅតំបន់ភាគខាងត្បូង Alentejo ក្រោយទឹកហូរនាំយករថយន្តរបស់គាត់ចេញពីផ្លូវនៅជិតទំនប់ ។
នៅតំបន់ភាគខាងត្បូងខេត្ត Malaga របស់អេស្ប៉ាញ ក្មេងស្រីម្នាក់ កំពុងបាត់ខ្លួន ក្រោយទឹកហូរនាំនាងចូលទៅក្នុងទន្លេ Turvilla ខណៈពេលដែលរូបនាងព្យាយាមជួយសង្រ្គោះសត្វសុនខរបស់នាង ។ សុនខមួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា វាពុំបានងាប់នោះទេ ហើយក្រុមសង្រ្គោះបន្ទាន់ បានចាប់ផ្តើមឡើងវិញប្រតិបត្តិការស្វែងរកក្មេងស្រីនៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Manuel Marmolejo គឺជាប្រធានទីភ្នាក់ងារពន្លត់អគ្គិភ័យខេត្ត Malaga និយាយប្រាប់ទូរទស្សន៍អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍នេះថា ពួកយើងបានចំណាយពេលពេញមួយរសៀលថ្ងៃនេះ និងមួយយប់ម្សិលមិញ ដើម្បីស្វែងរកតាមដងទន្លេ ពីកន្លែងដែលក្មេងស្រីបានធ្លាក់ រហូតដល់ចុងព្រែក ។
លោកបន្តថា ពួកយើងរកឃើញសត្វសុនខនៅរស់ ប៉ុន្តែមិនមែនជាក្មេងស្រីនោះទេ ៕