ស្ថាប័នឃ្លាំមើលភាពអត់ឃ្លានសកល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា កង្វះអាហារូបត្ថម្ភស្រួចស្រាល់ បានឈានដល់កម្រិតទុរ្ភិក្ស នៅក្នុងតំបន់ចំនួន ២ បន្ថែមទៀតនៃរដ្ឋ North Darfur របស់ប្រទេសស៊ូដង់ អំឡុងសង្គ្រាមស៊ីវិលដែលបានធ្វើឲ្យមនុស្សរាប់លាននាក់បម្លាស់ទីលំនៅ និងដែលបង្កឲ្យមានអំពើហិង្សាជាបន្តបន្ទាប់។
ស្ថាប័នចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានរកឃើញថា កង្វះអាហារូបត្ថម្ភស្រួចស្រាល់ បានលើសពីកម្រិតទុរ្ភិក្សហើយ នៅក្នុងតំបន់ Um Baru ជាកន្លែងដែលអត្រាកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរអាយុក្រោម ៥ឆ្នាំ គឺស្ទើរតែមានទ្វេដងនៃកម្រិតទុរ្ភិក្ស និងតំបន់មួយទៀត គឺ Kernoi។
ការប្រកាសរបស់ IPC នេះ មិនមែនជាចំណាត់ថ្នាក់ទុរ្ភិក្សផ្លូវការទេ ប៉ុន្តែវាបង្ហាញពីកម្រិតគួរឲ្យបារម្ភនៃភាពអត់ឃ្លាន ដោយផ្អែកលើទិន្នន័យចុងក្រោយបង្អស់។
តំបន់ទាំង២ នៅជិតព្រំដែនជាមួយប្រទេសឆាដ បានទទួលមនុស្សជាច្រើននៃប្រជាជានរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីទីក្រុង al-Fashir ដែលពីមុនត្រូវបានកំណត់ថា ស្ថិតក្នុងស្ថានភាពទុរ្ភិក្ស នាចុងឆ្នាំមុន នៅពេលដែលវាធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស (RSF)។ បន្ទាប់មក តំបន់ Kernoi និង Um Baru បានឃើញការប្រយុទ្ធគ្នា ខណៈដែលក្រុម RSF បានប្រឹងប្រែងពង្រឹងការគ្រប់គ្រងរបស់ខ្លួន៕