ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស(NRC)និយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមច្រកអាកាសដ៏គ្រោះថ្នាក់លើប្រទេសលីបង់ ពេលដែលយន្តហោះចម្បាំងរបស់ពួកគេបើកការវាយឆ្មក់លើសង្កាត់ជាច្រើនក្នុងខែមករានេះ ច្រើនជាងខែណាៗទាំងអស់ ចាប់តាំងពីមានបទឈប់បាញ់ ។
អង្គការមនុស្សធម៌មួយនេះ និយាយនៅថ្ងៃព្រហស្បតិ៍ថា យន្តហោះអ៊ីស្រាអែលបានបើកការវាយឆ្មក់យ៉ាងហោច ៥០លើក លើប្រទេសលីបង់កាលពីខែមុន ពោលគឺកើនឡើងច្រើនជាងទ្វេដងពីខែមុន ។
ពួកគេបន្តថា ការវាយប្រហារម្តងហើយម្តងទៀត បានមើលស្រាលបទឈប់បាញ់ដែលបានព្រមព្រៀគ្នារវាងអ៊ីស្រាអែល និងលីបង់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយសង្រ្គាមឆ្លងព្រំដែនអស់រយៈពេលជាង ១ឆ្នាំ និងការវាយប្រហារយ៉ាងសន្ធាប់រយៈពេល ២ខែរបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសលីបង់ និងបានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើន ។
លោក Maureen Philippon គឺជាប្រធាន NRC ប្រចាំប្រទេសលីបង់ និយាយថា ការវាយប្រហារទាំងនេះ ក៏ដូចជាការវាយប្រហារតាមជើងគោក ដែលនៅតែបន្តកើតឡើង បានធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ ៕