រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់សមភាគីគុយបារបស់លោកថា ចិនគាំទ្រយ៉ាងខ្លាំងក្លា ចំពោះគុយបា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ហើយ «ប្រឆាំងនឹងការជ្រៀតជ្រែកដោយមិនសមហេតុផលដោយកម្លាំងពីខាងក្រៅ» ខណៈដែលសហរដ្ឋអាមេរិក កំពុងបង្កើនសម្ពាធលើប្រទេសកោះនេះ។
ទីក្រុងប៉េកាំងបានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះប្រទេសកោះសង្គមនិយមមួយនេះ បន្ទាប់ពីភាពតានតឹង បានផ្ទុះឡើងកាលពីខែមុន រវាងសហរដ្ឋអាមេរិក និងគុយបា ក្រោយមានព្រឹត្តិការណ៍ចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាយូរមកហើយរបស់គុយបា។
បើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងរបស់លោក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយលើកឡើងពី «ការប្រែប្រួលដ៏ស្មុគស្មាញ និងខ្លាំងទៅៗ» នៅតំបន់អាមេរិកឡាទីន បានប្រាប់លោក Bruno Rodriguez របស់គុយបាថា៖ «យើងមានឆន្ទៈផ្ដល់ការគាំទ្រ និងជំនួយ តាមលទ្ធភាពខ្ពស់បំផុតដែលអាចធ្វើទៅបាន»។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែក កាលពីថ្ងៃពុធ លោក Liu Haixing រដ្ឋមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តចិន បានប្រាប់លោក Rodriguez ថា៖ «ទោះបីជាយើងនៅលើទ្វីបផ្សេងៗគ្នាក៏ដោយ ក៏បេះដូងរបស់យើងតែងតែចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ»។ លោក Liu បានសង្កត់ធ្ងន់ថា ប្រទេសចិន «គាំទ្រប្រទេសគុយបា ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែក និងការរារាំងពីបរទេស»។
ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានចាត់វិធានការផងដែរ ដើម្បីរារាំងប្រេងទាំងអស់កុំឲ្យបានទៅដល់គុយបាដែលទីក្រុងប៉េកាំង ប្រាប់ថា ខ្លួនមាន «ទំនាក់ទំនងមិត្តភាពពិសេស» ជាមួយប្រទេសសង្គមនិយមមួយនេះ ដោយសារប្រទេសទាំង២ ត្រូវបានដឹកនាំដោយគណបក្សកុម្មុយនីស្ត។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសគុយបានេះ ក៏បានកើតឡើងផងដែរ ស្របពេលមានការប្រជែងគ្នាកាន់តែខ្លាំងឡើងៗ រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង នៅតំបន់អាមេរិកឡាទីន ក្នុងនោះរួមមានទាំងការគ្រប់គ្រងកំពង់ផែសំខាន់ៗ នៅជិតព្រែកជីកប៉ាណាម៉ាផងដែរ៕