យោធាប៉ាគីស្ថាន បានបញ្ចប់ប្រតិបត្តិការសន្តិសុខរយៈពេល ១សប្តាហ៍របស់ពួកគេនៅខេត្តភាគនិរតី Balochistan ដោយបានសម្លាប់យុទ្ធជន ២១៦នាក់ ។
សេចក្តីថ្លែងការណ៍យោធានៅថ្ងៃព្រហស្បតិ៍នេះ និយាយថា បន្ទាប់ពីការវាយប្រហាររបស់កងទ័ពរំដោះខេត្ត Balochistan (BLA)ដែលជាក្រុមផ្តាច់ខ្លួននៅខេត្ត Balochistan កងកម្លាំងសន្តិសុខបានចុះប្រតិបត្តិការ Radd-ul-Fitna-1 ដើម្បីកម្ទេចក្រុមភេរវកម្មមួយនេះ ។
ប្រតិបត្តិការនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ២៩ ខែមករា ជាការឆ្លើយតបនឹងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមផ្តាច់ខ្លួន BLA ដែលពួកគេនិយាយថា បានវាយប្រហារសាលារៀន ធនាគារ ផ្សារ និងមូលដ្ឋានទ័ព នៅទូទាំងតំបន់ និងស្ថិតនៅក្នុងចំណោមប្រតិបត្តិការយោធាធំបំផុតរបស់ពួកគេ មកទល់នឹងពេលនេះ ។
យោធាអះអាងថា យុទ្ធជន ២១៦នាក់ ត្រូវានសម្លាប់ អំឡុងប្រតិបត្តិការ ដែលបានធ្វើឲ្យចុះខ្សោយប្រព័ន្ធដឹកនាំ រចនាសម្ព័ន្ធគ្រប់គ្រង និងទីបញ្ជាការ ក៏ដូចជាសមត្ថភាពប្រតិបត្តិការរបស់បណ្តាញភេរវកម្ម ។
ពួកគេបន្តថា សព្វាវុធដែលមានប្រភពពីបរទេស គ្រាប់រំសេវ គ្រឿងផ្ទុះ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ត្រូវបានរកឃើញផងដែរ ។
យោធាបញ្ជាក់ផងដែរថា អំឡុងប្រតិបត្តិការនេះ ជនស៊ីវិល ៣៦នាក់ រួមទាំងស្រ្តី និងកុមារដែរនោះ ហើយនិងកងកម្លាំងសន្តិសុខ ២២នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ ៕