
ភ្នំពេញ៖លោកជំទាវ ម៉ានូឡា ហ្វឺរូ(Manuela v.Ferro) អនុប្រធានធនាគារពិភពលោក(WB)ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានអះអាងពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ឱ្យបានឈានទៅសម្រេចបានជាប្រទេសមានចំណូលម ធ្យមកំរិតខ្ពស់។
ការបញ្ជាក់អះអាងរបស់លោកជំទាវ អនុប្រធានធនាគារពិភពលោកយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការ ងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ មីនានេះ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖ ក្នុងជំនួបនៅវិមានសន្តិភាពនារសៀលថ្ងៃទី១៦មីនានេះ លោកជំទាវ ម៉ានូឡា ហ្វឺរូ បានគោរពកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការសម្រេចបាននូវការចាក់វ៉ាក់សាំងដែលមានអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសម្រេចបាននូវការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ លោកជំទាវក៏បានគោរពជ ម្រាបជូនសម្ដេចពីការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលនូវជំហានដ៏ស្វា ហាប់ឆ្ពោះទៅសម្រេចបានទៅឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវម៉ានូឡាថា៖ ជោគជ័យដែលកម្ពុជាសម្រេចបាន ដោយសារ ទី១.គឺអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយសម្តេចមានប្រសាសន៍ថា៖ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផង, ទីពីរសម្ដេចបានថ្លែងអំ ណរគុណដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ, ភាពជាដៃគូល្អ, ហើយអ្វីដែលធនាគារពិភពលោកបន្តធ្វើទៀតនោះ គឺជំរុញភាពជាដៃគូឲ្យកាន់តែខ្លាំងឡើងនិងជំរុញនូវរាល់គ ម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ទី៣.សម្ដេចបានជម្រាបជូនលោកជំទាវ ម៉ានូឡា អំពីអ្វីដែលកម្ពុជាចង់បានក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះគឺចង់បានឲ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផល បំពេញឲ្យគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌអាស្តារផង និងក្របខណ្ឌអាស៊ានបូក៥ផង ក៏ដូចជាចង់ឱ្យរបៀងនៃការធ្វើដំណើររបស់ប្រជាជននៅក្នុងអាស៊ានមានលំហូរល្អ៕អត្ថបទ៖ មុត សុទ្ធ

