ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។
អញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីអមគណៈប្រតិភូ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។















