អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា សង្គ្រាមលោកលើកទី៣ អាចបានចាប់ផ្ដើមរួចទៅហើយ ខណៈលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News និងអ្នកសម្របសម្រួលកម្មវិធីនេះគឺលោក Lester Holt។

លោក Zelenskyy បានកំពុងឆ្លើយតបទៅនឹងសំណួរមួយពីអ្នកសម្របសម្រួលកម្មវិធីព័ត៌មាន NBC Nightly News អំពីថា តើលោកមានការបារម្ភ ឬទេអំពីក្ដីកង្វល់ចេញពីរដ្ឋបាលលោក Biden ដែលថា ចំណាត់ការជាក់លាក់អាចបង្កឲ្យមាជម្លោះរវាងអាវុធនុយក្លេអ៊ែរ ដែលអាចផ្ទុះជាសង្គ្រាមលោកលើកទី៣ នោះ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយនៅក្នុងការអត្ថាធិប្បាយដែលត្រូវបានបកប្រែថា គ្មាននរណាម្នាក់ដឹងទេថា តើវាអាចបានចាប់ផ្ដើមរួចហើយ ឬនៅ ហើយអ្វីជាទំនួលខុសត្រូវនៃសង្គ្រាមនេះ ក្នុងករណីដែលប្រទេសអ៊ុយក្រែននឹងត្រូវដួលរលំ។ លោកប្រធានាធិបតី Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតទៅកាន់អ៊ុយក្រែន រួមទាំងអាវុធប្រឆាំងយន្តហោះ និងរថក្រោះ ព្រមទាំងយានដ្រូនជាច្រើនគ្រឿងទៀតផងដែរ។
លោកក៏បានហៅលោក Vladimir Putin ថា ជាឧក្រិដ្ឋជនសង្គ្រាមផងដែរនៅក្នុងការថ្កោលទោសដ៏ខ្លាំងបំផុតលើមេដឹកនាំរុស្ស៊ី ចាប់តាំងពីការចាប់ផ្ដើមវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ សូមរម្លឹកថា កាលពីថ្ងៃពុធដដែលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ធ្លាប់បាននិយាយថា ការចរចាស្វែងរកសន្តិភាពស្ដាប់ទៅទំនងជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាថែមទៀត៕
អត្ថបទ៖ សុខមាន